(វៀងច័ន្ទ)៖ ជនសង្ស័យចំនួន ៦២នាក់ទៀតត្រូវបានធ្វើតេស្ត ហើយក្នុងនោះអាជ្ញាធរសុខាភិបាលឡាវបានរកឃើញ ០២នាក់មានផ្ទុកជំងឺ COVID-19 នៅថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះកើនឡើងដល់១៨ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០។

សម្រាប់ករណីថ្មីទាំងពីរខាងលើនេះ គឺជាស្ត្រីពីរនាក់ដែលជាមិត្តភក្តិ ស្នាក់នៅបន្ទប់រួមគ្នាក្នុងរដ្ឋធានីវៀងច័ន្ទ ហើយបច្ចុប្បន្នពួកគេត្រូវបានបញ្ជូន ទៅស្នាក់នៅ និងព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាព (Mittaphab) នៃទីក្រុងវៀងច័ន្ទ។ បើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលឡាវ អ្នកទាំងពីរនេះមិនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរឡើយ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍ ទី១១ ខែមេសា នេះប្រទេសឡាវបានធ្វើតេស្ត លើករណីសង្ស័យ COVID-19 សរុប១,០៩៤នាក់ហើយ ដោយក្នុងនោះ ១៨នាក់ចេញលទ្ធផលវិជ្ជមានចំពោះ COVID-19។ ក្នុងចំណោមអ្នកជំងឺទាំងអស់ ១៥នាក់ស្នាក់នៅមន្ទីរពេទ្យមិត្តភាពទីក្រុងវៀងច័ន្ទ និង០៣នាក់ទៀតស្នាក់នៅមន្ទីរពេទ្យក្នុងខេត្តហ្លួងប្រាបាង៕