(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃសៅរ៍នេះ បានរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ៤៥ ករណីបន្ថែមទៀត ខណៈ០២នាក់ បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀល ថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០។

បើតាមអ្នកនាំពាក្យរបស់អង្គភាពប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងប្រទេសថៃ លោក ថាវីស៊ីន វីសានុយុទ្ធិន (Taweesin Wisanuyothin) បានគូសបញ្ជាក់ថា អ្នកជំងឺដែលស្លាប់ទាំងពីរនាក់ខាងលើ គឺជាជនជាតិថៃខ្លួនឯងតែម្តង។

គួរជម្រាបថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺ COVID-19 កាលពីដើមខែមករា មក ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានកត់ត្រាអ្នកឆ្លងសរុបចំនួន ២,៥១៨ ករណីហើយ ដោយក្នុងនោះមានអ្នកជំងឺចំនួន៣៥ នាក់បានស្លាប់បាត់បង់ជីវិត ខណៈអ្នកជំងឺចំនួន១,១៣៥ នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញ៕