(ឡុងដ៍)៖ រដ្ឋមន្រ្តីសុខាភិបាលនៃចក្រភពអង់គ្លេស លោក Matt Hancock នាថ្ងៃសុក្រនេះ បានឲ្យដឹងថា ក្នុងកំឡុងពេល២៤ម៉ោងកន្លងទៅ អ្នកជំងឺ COVID-19 សរុប៩៨០នាក់ទៀតទើបតែបានបាត់បង់ជីវិត ដែលវាគឺជាអត្រាអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់ជាងគេបំផុត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន The Guardian នៅថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០។

គួរជម្រាបថា បើតាមលោក Hancock មនុស្ស៥,៧០៦នាក់ទៀត ក៏ទើបតែត្រូវបានធ្វើតេស្តវិជ្ជមាន COVID-19 ផងដែរ។ សរុបមក ចំនួនអ្នកឆ្លងទូទាំងចក្រភពអង់គ្លេស បានកើនដល់ជាង៧០,០០០នាក់ ក្នុងនោះស្លាប់៨,៩៥៨នាក់ និងជាសះស្បើយត្រឹមជាង១៣០នាក់ប៉ុណ្ណោះ។ បច្ចុប្បន្ន នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក Boris Johnson កំពុងតែបន្តទទួលការព្យាបាល COVID-19 នៅឯមន្ទីរពេទ្យ ដោយលោកទើបតែចាកចេញពីបន្ទប់សង្រ្គោះបន្ទាន់៕