(ហ្សេរុយសាឡឹម)៖ ក្រសួងសុខាភិបាលអ៉ីស្រាអែលនៅថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០ នេះបានឱ្យដឹងថា ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសមជ្ឈិមបូព៌ាមួយនេះ បានកើនឡើងដល់ ១០,០៩៥នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើតាមក្រសួងសុខាភិបាលអ៉ីស្រាអែល ចំនួនអ្នកស្លាប់ដោយសារ COVID-19 ក៏បានកើនដល់ ៩៣នាក់ផងដែរ។ ក្រសួងបានបន្ថែមថា ក្នុងចំណោមអ្នកជំងឺ ៧២០នាក់ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យទូទាំងប្រទេស មាន ១៦៣នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈ ១,០៦១នាក់បានជាសះស្បើយ។ អ៉ីស្រាអែលបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីទប់ស្កាត់ការឆ្លង COVID-19 ហើយសម្រាប់សប្ដាហ៍ក្រោយវិញ ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ អាចនឹងប្រកាសចាត់វិធានការបន្ថែមទៀត។

បន្ថែមពីលើនេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលអ៉ីស្រាអែល ក៏បានចុះហត្ថលេខាលើបទបញ្ជាមួយ ដោយតម្រូវឱ្យប្រជាជនពាក់ម៉ាស នៅពេលចេញក្រៅផ្ទះផងដែរ។ អ៉ីស្រាអែលជាប្រទេសមានផ្ទៃដីតូច តែមានប្រជាជនរហូតដល់ជាង ៩លាននាក់ឯណោះ៕