(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃនាថ្ងៃសុក្រនេះ បានប្រកាសឲ្យដឹងពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មី ចំនួន៥០នាក់ ខណៈអ្នកជំងឺ១នាក់ទៀតដែលបានស្លាប់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bangkok Post នៅថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០។

ក្នុងចំណោម៥០ករណីថ្មីនោះ មាន២៧ករណីជាអ្នកមានជាប់ពាក់ព័ន្ធនឹងករណីឆ្លងមុនៗ, ៥ករណីជាអ្នកធ្វើការនៅកន្លែងមានមនុស្សច្រើន ឬក៏ជិតស្និទ្ធជាមួយជនបរទេស, ៤នាក់ជាបុគ្គលិកផ្នែកសុខាភិបាល, ៣ករណីជាអ្នកត្រឡប់មកពីក្រៅស្រុក, ៣ករណីជាអ្នកដើរទស្សនានៅ កន្លែងមានមនុស្សប្រមូលផ្តុំ,និង៨ករណីទៀតកំពុងស្ថិតនៅ ក្រោមការស៊ើបអង្កេត។ រីឯអ្នកជំងឺម្នាក់ដែលទើបបាត់បង់ជីវិត ជាស្រ្តីជនជាតិថៃ ដែលមានអាយុមិនសូវចាស់ប៉ុន្មានឡើយ ប៉ុន្តែមានជំងឺប្រចាំកាយ និងប្រព័ន្ធការពារចុះខ្សោយ។

គួរជម្រាបថា បូកបន្ថែមជាមួយករណីខាងលើ ចំនួនអ្នកឆ្លងសរុបនៃ COVID-19 នៅទូទាំងប្រទេសថៃ បានកើនដល់២,៤៧៣នាក់ ក្នុងនោះ ១,២៦២នាក់នៅទីក្រុងបាងកក, ១៦៦នាក់នៅខេត្ត Phuket, ១៤៨នាក់នៅខេត្ត Nonthaburi, ១០៨នាក់នៅខេត្ត Samut Prakan ខណៈខេត្ត ដទៃទៀតមានចំនួនអ្នកឆ្លងក្រោម១០០នាក់។ ក្នុងចំណោមរាជធានី-ខេត្តសរុប៧៧របស់ថៃ នៅសល់តែ៩ខេត្តប៉ុណ្ណោះដែលនៅបន្តពុំមាន ករណីឆ្លង COVID-19។ ដោយឡែកអ្នកជំងឺសរុប៣៣នាក់បានស្លាប់ ហើយ៩៤០នាក់បានជាសះស្បើយឡើងវិញ៕