(ញូយ៉ក)៖ ក្រុមអ្នកស្រាវជ្រាវអាមេរិកបានរកឃើញថា ករណីឆ្លង COVID-19 នៅក្នុងទីក្រុងញូយ៉ក ភាគច្រើនលើសលប់មានប្រភពដើមមកពីតំបន់អឺរ៉ុប។ នេះបើតាមការដកស្រង់ចេញផ្សាយពី សារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០។

ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលសុខាភិបាល NYU ឡាងហ្គន់ (NYU Langone Health) បានបញ្ជាក់ទៀតថា ពួកគេបានធ្វើការសន្និដ្ឋានបែបនេះ ដោយផ្អែកលើការវិភាគសំណាកអ្នកជំងឺ COVID-19 ចំនួន ៧៥នាក់ នៅតាមមន្ទីរពេទ្យមួយចំនួនក្នុងទីក្រុងញូយ៉ក។ បើតាមអ្នកស្រី អេឌ្រាណា ហេហ្គាយ (Adriana Heguy) ជានាយកមជ្ឈមណ្ឌលបច្ចេកវិទ្យាហ្សែន នៃមជ្ឈមណ្ឌលសុខាភិបាល NYU Langone Health ពីរភាគបីនៃសំណាកអ្នកជំងឺទាំង ៧៥នាក់ មានប្រភពដើមមពីអឺរ៉ុប ពោលគឺ COVID-19 ត្រូវបាននាំចូលមកកាន់ទីក្រុងញូយ៉ក ពីចក្រភពអង់គ្លេស និងបណ្ដាប្រទេសអឺរ៉ុបជាច្រើនទៀតរួមមាន បារាំង អូទ្រីស និងហូឡង់ជាដើម។

អ្នកស្រីបន្ថែមថា ជាក់ស្ដែងសំណាកអ្នកជំងឺម្នាក់ ក្នុងចំណោមអ្នកជំងឺ COVID-19 ត្រូវបានប្រមូលកាលពីដើមខែមីនា និងជាអ្នករស់នៅតំបន់ឆ្នេរ ឡង អាយឡេនដ៍ (Long Island) នៃទីក្រុងញូយ៉ក ហើយគ្មានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសនោះ បានឆ្លងជំងឺនេះដោយមានហ្សែនវីរុសកូរ៉ូណាប្រភេទថ្មី ដែលកំពុងរាតត្បាតនៅប្រទេសអង់គ្លេស។ នេះមានន័យថា អ្នកជំងឺរូបនេះធ្លាប់មានទំនាក់ទំនងជាមួយនរណាម្នាក់ ដែលបានឆ្លង និងនាំ COVID-19 ពីអង់គ្លេសត្រឡប់មកស្រុកកំណើតរបស់គាត់វិញ។

គួរជម្រាបថា បច្ចុប្បន្នរដ្ឋញូយ៉កកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារជំងឺរាតត្បាត COVID-19 ដោយមានអ្នកស្លាប់កើនដល់៧,០៦៧នាក់ បន្ទាប់ពីអ្នកស្លាប់ប្រចាំថ្ងៃ៧៩៩នាក់ ត្រូវបានគេរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍។ បន្ថែមពីនេះ បើតាមទិន្នន័យចុងក្រោយរបស់វែបសាយ worldometers.info ចំនួនអ្នកស្លាប់នៅទូទាំងសហរដ្ឋអាមេរិកមាន១៦,៦៩៧នាក់ ក្នុងចំណោមករណីឆ្លងសរុបដល់ទៅ៤៦៨,៨៨៧ករណី និងជាសះស្បើយវិញ២៥,៩២៨នាក់៕