(រ៉ូម)៖ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅក្នុងប្រទេសអ៉ីតាលី គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ បានកើនឡើងជាថ្មី ៦១០នាក់ បើធៀបទៅនឹងថ្ងៃពុធដែលមានមនុស្សស្លាប់ ៥៤២នាក់ក្នុងមួយថ្ងៃ។ នេះបើតាមអាជ្ញាធរសុខាភិបាលអ៉ីតាលី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០។

អាជ្ញាធរសុខាភិបាលអ៉ីតាលីបានបញ្ជាក់ទៀតថា ចំនួនអ្នកឆ្លងប្រចាំថ្ងៃក៏បានកើនពី ៣,៨៣៦នាក់ ដល់ ៤,២០៤នាក់ផងដែរ ហើយបើបូកបញ្ចូលតួលេខថ្មី ចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសបានកើនដល់ ១៤៣,៦២៦នាក់ ដែលជាតួលេខខ្ពស់ជាងគេលំដាប់ទីបី បន្ទាប់ពីសហរដ្ឋអាមេរិក និងអេស្ប៉ាញ ខណៈអ្នកជាសះស្បើយមាន ២៨,៤៧០នាក់ រីឯអ្នកស្លាប់សរុបវិញហក់ឡើងដល់ ១៨,២៧៩នាក់ ជាចំនួនអ្នកស្លាប់ដោយសារ COVID-19 ខ្ពស់ជាងគេបំផុតនៅទូទាំងពិភពលោក។

គួរជម្រាបថា ការកើនឡើងជាថ្មីនៃចំនួនអ្នកស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 ខាងលើ គឺជាតួលេខខ្ពស់បំផុតមួយចាប់តាំងពីថ្ងៃទី០៥ ខែមេសាមក ហើយវាកើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលអ៉ីតាលី ប្រកាសពីគម្រោងបន្ធូរបន្ថយវិធានការរឹតត្បិតបន្តិចម្ដងៗ នៅក្នុងករណីដែលស្ថានភាពបច្ចុប្បន្ន កាន់តែមានភាពប្រសើរឡើង៕