(សិង្ហបុរី)៖ អាជ្ញាធរសុខាភិបាលសិង្ហបុរី បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០នេះថា អ្នកឆ្លងជំងឺ COVID-19 ថ្មីៗសរុប ២៨៧នាក់ទៀត ត្រូវបានរកឃើញនៅក្នុងរយៈពេល ពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលជាហេតុធ្វើឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសដីកោះមួយនេះ កើនឡើងរហូតដល់ ១,៩១០ករណី។ នេះបើតាមការចេញផ្សាយដោយ CNA។

ការរកឃើញអ្នកឆ្លង COVID-19 ថ្មីប្រមាណ២៨៧នាក់ខាងលើនេះ មិនត្រឹមតែជាតួលេខខ្ពស់បំផុតមិនធ្លាប់មាននោះឡើយ តែវាក៏ជាការកើនឡើងទ្វេដង បើធៀបនឹងកំណត់ត្រាចាស់ កាលពីថ្ងៃពុធថែមទៀត។ ភាគច្រើននៃករណីឆ្លងថ្មីទាំង២៨៧នាក់នេះ គឺជាការឆ្លងលក្ខណៈជាចង្កោមៗតែម្តង។

គួរបញ្ជាក់ថា នៅក្នុងចំណោមករណីឆ្លងសរុបទាំង១,៩១០ករណីនោះ មាន០៧នាក់ស្លាប់, ៤៦០នាក់ជាសះស្បើយ និង២៩នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ៕