(ញូយ៉ក)៖ អភិបាលរដ្ឋញូយ៉ក លោក Andrew Cuomo បានឲ្យដឹងថា អ្នកជំងឺ COVID-19 យ៉ាងហោច៧៩៩នាក់ទៀត ទើបតែបានបាត់បង់ជីវិត នៅទូទាំងរដ្ឋរបស់លោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០។

បើតាមលោក Cuomo ចំនួនខាងលើគឺជាតួលេខអ្នកជំងឺ COVID-19 នៅរដ្ឋញូយ៉ក ដែលបានស្លាប់កំឡុងពេលពេញមួយថ្ងៃពុធសប្តាហ៍ នេះ (ពេលវេលានៅរដ្ឋញូយ៉ក) ហើយវាជាអត្រាខ្ពស់ជាងគេ បើធៀបនឹងតួលេខនាពេលកន្លងៗមក។ តួយ៉ាងពេញមួយថ្ងៃអង្គារសប្តាហ៍នេះ អ្នកជំងឺ COVID-19 នៅរដ្ឋញូយ៉កចំនួន៧៧៩នាក់បានបាត់បង់ជីវិត។

គួរជម្រាបថា បូកជាមួយតួលេខថ្មីខាងលើ នាពេលនេះចំនួនអ្នកជំងឺ COVID-19 ដែលបានស្លាប់ នៅទូទាំងរដ្ឋញូយ៉ក កើនដល់យ៉ាងតិច ៧,០៦៧នាក់ ខណៈបើតាមទិន្នន័យចុងក្រោយរបស់វែបសាយ worldometers.info ចំនួនអ្នកស្លាប់នៅទូទាំងសហរដ្ឋអាមេរិកមាន ១៥,៧៦៩នាក់ ក្នុងចំណោមអ្នកឆ្លងដល់ទៅ៤៣៩,៧២៥នាក់៕