(កាហ្សាក់ស្ថាន)៖ អវកាសយានិកបីរូបបានជិះលើយានអវកាស ចេញដំណើរទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ហើយនៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០នេះ ដោយត្រូវចាកចោលភពផែនដី ដែលកំពុងត្រូវបានលុកលុយរាតត្បាតដោយជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អវកាសយានិក អាណាតូលី អ៊ីវ៉ានីស៊ីន (Anatoly Ivanishin) និង អ៊ីវ៉ាន វ៉ាកណឺ (Ivan Vagner) មកពីទីភ្នាក់ងារអវកាសរុស្ស៊ី រ៉ូសកូស្មូស (Roscosmos) និងអវកាសយានិក គ្រីស ខាស្ស៊ីឌី (Chris Cassidy) បានជិះយានអវកាសនៅម៉ោង ៨៖០៥នាទីព្រឹក (ម៉ោងសកល) ដែលត្រូវបានបាញ់បង្ហោះ ចេញពីស្ថានីយ៍បាញ់បង្ហោះរុស្ស៊ី បៃកូនួរ ខូស្មូដ្រូម (Baikonur Cosmodrome) ក្នុងប្រទេសកាហ្សាក់ស្ថាន។ អវកាយានិកទាំងបីនាក់បានប្រាប់ក្រុមអ្នកបញ្ជានៅលើផែនដីថា ពួកគេ «មានអារម្មណ៍ល្អធម្មតា» មុននឹងពួកគេបានចូលទៅគន្លងតារាវិថីដោយជោគជ័យ ហើយពួកគេត្រូវបានគេរំពឹងថា នឹងចូលចតនៅឯស្ថានីយ៍អវកាសអន្តរជាតិ ISS នៅវេលាម៉ោង ១៤៖១៥នាទីរសៀលថ្ងៃដដែល (ម៉ោងសកល)។

គួរជម្រាបថា បើតាមអង្គការ Roscosmos អវកាសយានិករុស្ស៊ី អូឡេក ស្គ្រីផូចកា (Oleg Skripochka) នឹងត្រឡប់មកកាន់ផែនដីវិញនៅក្នុងខែមេសានេះ។ ប៉ុន្តែទន្ទឹមគ្នា អង្គការ NASA មិនទាន់បានបញ្ជាក់ពីផែនការធ្វើដំណើរ សម្រាប់អវកាសយានិក អាន់ឌ្រូ ម័រហ្គែន (Andrew Morgan) និង ចេស៊ីកា មែរ (Jessica Meir) ដែលនឹងចេញដំណើរចាកចេញពី ISS ជាមួយអវកាសយានិក Skripochka នៅថ្ងៃទី១៧ ខែមេសា នៅឡើយទេ៕