(វ៉ាស៊ីនតោន)៖ ស្តី្រម្នាក់នៅរដ្ឋកាលីហ្វរញ៉ានៃសហរដ្ឋអាមេរិក ត្រូវបានអាជ្ញាធរចាប់ខ្លួន បន្ទាប់ពីបានលិឍទំនិញដែលមានតម្លៃសរុបខ្ទង់ ១,៨០០ដុល្លារ នៅឯផ្សារទំនើបមួយកន្លែងក្នុងតំបន់ភាគខាងជើងរដ្ឋកាលីហ្វរញ៉ា។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០។

លោក Chris Fiore អ្នកនាំពាក្យទីក្រុង South Lake Tahoe នៅក្បែរព្រំប្រទល់រដ្ឋនេវ៉ាដា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ខាងប៉ូលិសបាន ហៅឲ្យទៅកាន់ផ្សារទំនើបឈ្មោះ Safeway បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថា មានអតិថិជនម្នាក់លិឍទំនិញជាគ្រឿងធ្វើម្ហូប រួមទាំង របស់របរដទៃទៀត ខណៈដែលវាជាទង្វើយ៉ាងខ្វះភាពអនាម័យនៅចំពោះមុខការភ័យខ្លាច ជុំវិញការឆ្លងរាតត្បាតនៃជំងឺឆ្លង COVID-19 ដ៏កាចសាហាវ។

គួរជម្រាបថា អតិថិជនម្នាក់នោះ ត្រូវប៉ូលិសអាមេរិកបង្ហាញអត្តសញ្ញាណថា ជាស្រ្តីអាយុ៥៣ឆ្នាំម្នាក់ឈ្មោះ Jennifer Walker។ ស្រ្តីម្នាក់នោះ ត្រូវបានចាប់ខ្លួន ខណៈទំនិញទាំងប៉ុន្មានដែលស្រ្តីនោះបានលិឍ និងមានតម្លៃសរុបខទង់១,៨០០ដុល្លារ ត្រូវបានកម្ទេចចោលទាំងចោល ដោយសារតែខ្លាចថាពួកវាមានមេរោគ៕