(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ខ្លួនបានរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ៣៩ ករណីបន្ថែមទៀត នៅទូទាំងប្រទេស ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីខាងកើតមួយនេះកើនដល់ ១០,៤២៣ ករណី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នារសៀល ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០។

កូរ៉េខាងត្បូង ដែលត្រូវបានគេចាត់ទុកថា ជាប្រទេសបានរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដោយសារជំងឺ COVID-19 នៅអាស៊ី បន្ទាប់ចិន ឥឡូវនេះបានស្គាល់នូវអត្រា អ្នកឆ្លងថ្មីៗប្រចាំថ្ងៃស្ថិតនៅខ្ទង់៥០ លើសខ្វះតិចតួច សម្រាប់រយៈពេលបួនថ្ងៃជាប់ៗគ្នា មកហើយ គិតចាប់តាំងពីចុងខែកុម្ភៈ។ ក្នុងចំណោមករណីឆ្លងថ្មីៗ នាប៉ុន្មាន ថ្ងៃចុងក្រោយ នេះទៀតសោត គឺមានមួយផ្នែកជាករណីនាំចូលពីប្រទេសខាងក្រៅ តួយ៉ាងដូចជាករណីឆ្លងថ្មីៗទាំង ៣៩ករណី ដែលបានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះជាដើម គឺមាន ២៣ករណីជាករណីនាំចូលពីក្រៅ។

ទន្ទឹមនឹងនោះ អ្នកជំងឺ ដែលបានជាសះស្បើយឡើងវិញមានចំនួន ១៩៧នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកជាសរុបកើនដល់ ៦,៩៧៣ករណីនៅទូទាំងប្រទេស ខណៈករណីស្លាប់ថ្មីៗ ដោយសារជំងឺដ៏កាចសាហាវនេះមាន ០៤ ករណី ដែលនាំឲ្យចំនួនករណីស្លាប់ សរុបបានកើនដល់ ២០៤នាក់។

គួរជម្រាបថា ចាប់តាំងពីថ្ងៃទី ០៣ ខែមករា រហូតមកដល់ពេលបច្ចុប្បន្ន ប្រទេសកូរ៉េខាងត្បូងបានធ្វើតេស្តរកជំងឺ COVID-19 លើប្រជាពលរដ្ឋរបស់ខ្លួន សរុបប្រមាណជាង ៤៩៤,០០០នាក់នៅទូទាំងប្រទេស ក្នុងចំណោមនោះ ៤៦៨,៧៧៩នាក់មានលទ្ធផល «អវិជ្ជមាន» ខណៈ១៥,៥០៩នាក់ផ្សេងទៀត កំពុងតែស្ថិតក្នុងការតាមដានសុខភាព។

ទោះបីជាកូរ៉េខាងត្បូង បានក្លាយជាប្រទេសមានភាពធូរស្រាល ជាក់ស្តែងពីការវាយប្រហារដោយជំងឺ COVID-19 បន្តិចទៅហើយក្តី ក៏ប្រទេសនេះ នៅតែមិនបន្ធូរដៃ ក្នុងការតាមដាន និងធ្វើតេស្តរកអ្នកឆ្លងនោះដែរ ព្រោះមួយរយៈចុងក្រោយនេះ ករណីនាំចូលជំងឺពីក្រៅប្រទេស និងការកើតមានករណីឆ្លងជាចង្កោមតូចៗ នៅតែបន្តកើតមានឡើង៕