(តេហេរ៉ង់)៖ អ្នកស្រាវជ្រាវមួយរូបរបស់អ៉ីរ៉ង់បានប្រកាសថា ប្រទេសឥស្លាមមួយនេះ នឹងធ្វើការផលិតឧបករណ៍ធ្វើតេស្តរកវីរុស COVID-19, ម៉ាសប្រឆាំងវីរុសកូរ៉ូណា និង គ្រែផ្ទុកអ្នកជំងឺ COVID-19 ជាលក្ខណៈទ្រង់ទ្រាយធំតែម្តង ក្រោយពីឧបករណ៍ទាំងអស់នេះត្រូវបានអភិវឌ្ឍ និងធ្វើតេស្តដោយក្រុមជំនាញនៅក្នុងស្រុកសុទ្ធសាធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០។

អនុប្រធានដឹកនាំការស្រាវជ្រាវ ប្រចាំនៅសាកលវិទ្យាល័យ ហ្សាហ៊ីដ បេហេសធី (Shahid Beheshti) ក្នុងរដ្ឋធានីតេហេរ៉ង់ លោក បាបាក ហ្សូគ្រី (Babak Shokri) បានបញ្ជាក់បន្ថែមទៀតថា ឧបករណ៍ធ្វើតេស្តដែលត្រូវបានអភិវឌ្ឍដោយអ៉ីរ៉ង់ គឺមានសមត្ថភាពរកឃើញលទ្ធផល COVID-19 តែក្នុងរយៈពេល ២០នាទីប៉ុណ្ណោះ ខណៈឧបករណ៍មកពីបរទេស គឺត្រូវការពេលយូរជាងនេះដើម្បីដឹងលទ្ធផលតេស្ត។

លោក Babak Shokri បានបន្ថែមទៀតថា ឧបករណ៍ធ្វើតេស្ត ដែលអ៉ីរ៉ង់បានអភិវឌ្ឍ គឺមិនត្រឹមតែអាចរកឃើញវីរុសកូរ៉ូណា (COVID-19) តែមួយមុខនោះទេ ដោយសូម្បីតែវីរុសប្រភេទផ្សេងៗទៀត ក៏វាអាចរកឃើញដែរ ហើយដោយឡែកសម្រាប់ម៉ាសដែលអ៉ីរ៉ង់ផលិតវិញ គឺជាប្រភេទម៉ាសសម្លាប់មេរោគ មិនមែនគ្រាន់តែឃាត់ទុកមេរោគនោះឡើយ។

ចំពោះគ្រែ ឬឧបករណ៍ផ្ទុកអ្នកជំងឺ COVID-19 ត្រូវបានលោក Babak Shokri អះអាងថា វាត្រូវបានអ្នកជំនាញអ៉ីរ៉ង់អភិវឌ្ឍឡើង ប្រកបដោយសមត្ថភាពពិសេស ដែលអាចផ្តល់ការដកដង្ហើម យ៉ាងប្រសើរដល់អ្នកជំងឺ, ងាយស្រួលក្នុងការប្រើ, ទម្ងង់ស្រាល និងតម្លៃសមរម្យ។

ទោះជាបែបនេះក្តី អ៉ីរ៉ង់មិនទាន់បញ្ជាក់ថា តើឧបករណ៍ពិសេសទាំង ៣ ខាងលើនេះ នឹងត្រូវផលិតរួចនៅពេលណាឲ្យប្រាកដនោះឡើយ។ បច្ចុប្បន្នអ៉ីរ៉ង់ ក្នុងនាមជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេលំដាប់ទី ៧ លើលោកនេះ មានករណីឆ្លងជំងឺ COVID-19 សរុប ៦២,៥៨៩ករណីក្នុងនោះស្លាប់ ៣,៨៧២នាក់ និងជាសះស្បើយវិញ ២៧,០៣៩នាក់៕