(ហ្សាការតា)៖ មន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកាសនៅល្ងាចថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០ នេះថា ចំនួនមនុស្សស្លាប់ដោយសារតែជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានកើនឡើងដល់ ២២១នាក់ហើយ នៅក្នុងចំណោមករណីឆ្លងសរុប ២,៧៣៨ករណី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

គួរបញ្ជាក់ថា ក្រៅពីចំនួនមនុស្សស្លាប់ និងឆ្លងបានកើនឡើងបន្ថែមទៀតនោះ នៅថ្ងៃអង្គារនេះឥណ្ឌូណេស៊ីក៏មានអ្នកជំងឺជាសះស្បើយបន្ថែមទៀតដែរ ដែលចំនួនសរុបគឺ ២០៤នាក់ហើយ។ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ បានប្រកាសអាសន្នផ្នែកសុខាភិបាលសាធារណៈ ដើម្បីទប់ស្កាត់ករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេស ជាពិសេសនៅទីក្រុងហ្សាការតា ដែលកំពុងរ៉ាប់រងករណីឆ្លង និងស្លាប់ច្រើនជាងគេ បើធៀបនឹងតំបន់ផ្សេងៗទៀតដូចជា ខេត្តជ្វាខាងលិច, ជ្វាកណ្តាល, បានធិន (Banten) និងខេត្ត ជ្វាខាងកើត៕