(ញូដេលី)៖ នាថ្ងៃអង្គារនេះប្រទេសឥណ្ឌាបានបញ្ជាក់ឡើងវិញថា ខ្លួនមានស្តុកថ្នាំប្រឆាំងជំងឺគ្រុនចាញ់ ហាយដ្រុកស៊ីក្លររ៉ូឃ្វីន (Hydroxychloroquine ឬ HCQ) គ្រប់គ្រាន់សម្រាប់ធ្វើការនាំចេញ ដើម្បីជួយដល់ប្រទេសដែលរងគ្រោះខ្លាំងដោយសារជំងឺ COVID-19 ហើយការប្រកាសបែបនេះ បានកើតមានឡើងក្រោយលោក ដូណាល់ ត្រាំ ធ្វើការគំរាម។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក អនុរ៉ាច ស្រ៊ីវ៉ាស្តាវ៉ា (Anurag Srivastava) បាននិយាយថា ប្រទេសឥណ្ឌានឹងធ្វើការផ្គត់ផ្គង់ថ្នាំដ៏មានសារៈសំខាន់នេះ ទៅកាន់ប្រទេសមួយចំនួន ដែលបាននិងកំពុងបន្តរងគ្រោះខ្លាំង ជាពិសេសដោយសារការឆ្លងរាតត្បាតនៃជំងឺ COVID-19។ ការបញ្ជាក់បែបនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានធ្វើការសងសឹកលើឥណ្ឌា ប្រសិនបើឥណ្ឌាបញ្ឈប់ការផ្គត់ផ្គង់ថ្នាំ HCQ ទៅកាន់សហរដ្ឋអាមេរិក ដែលកំពុងរងទុក្ខយ៉ាងធ្ងន់ធ្ងរបំផុតដោយសារ COVID-19។

គួរជម្រាបថា កន្លងទៅថ្មីនេះប្រទេសឥណ្ឌាបានសម្រេចហាមឃាត់ទាំងស្រុង លើការនាំចេញថ្នាំប្រឆាំងជំងឺគ្រុនចាញ់ HCQ ដោយគ្មានការលើកលែងឡើយ ក្រោយថ្នាំនេះត្រូវបានណែនាំថា ជាជម្រើសគ្រាន់បើជាងគេក្នុងការព្យាបាលអ្នកជំងឺ COVID-19 ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង៕