(វ៉ាស៊ីនតោន)៖ មេបញ្ជាការនាវាដឹកយន្តហោះចម្បាំងអាមេរិក លោក ប្រ៊េត ក្រូហ្សឺ (Brett Crozier) ដែលថ្មីៗនេះ ទើបតែត្រូវបានក្រសួងការពារជាតិអាមេរិក សម្រេចដកហូតពីមុខតំណែង ត្រូវបានតេស្តរកឃើញថាឆ្លងជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០។

លោក ប្រ៊េត ក្រូហ្សឺ (Brett Crozier) ដែលជាមេបញ្ជាការ នៃនាវាដឹកយន្តហោះចម្បាំងមួយគ្រឿង ដែលមានឈ្មោះថា USS សៀដ័រ រូសវែលត៍ (Theodore Roosevelt) ត្រូវបានកងទ័ពជើងទឹកសហរដ្ឋអាមេរិក សម្រេចចិត្តដកហូតចេញពីមុខតំណែង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅនេះ ក្រោយមានការលេចធ្លាយសារសម្ងាត់មួយ ដែលលោកបានផ្ញើទៅថ្នាក់លើ ដើម្បីស្នើសុំជំនួយយកមកទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺ COVID-19 នៅលើនាវារបស់ខ្លួន ព្រមទាំងការស្នើសុំជម្លៀសវានិកមួយចំនួនឲ្យឡើងគោក ដើម្បីដាក់ឲ្យនៅដាច់ដោយឡែក។

នាវាខាងលើ ដែលផ្ទុកទៅដោយអាវុធយុទ្ធភណ្ឌជាច្រើន ដែលក្នុងនោះមានទាំងយន្តហោះចម្បាំងរាប់សិបគ្រឿង និងរោងចក្រថាមពលនុយក្លេអ៊ែរផងដែរនោះ ឥឡូវនេះត្រូវបានគេរកឃើញថា មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១៥៥ នាក់ហើយ ក្នុងចំណោមនាវិកសរុបទាំងអស់ប្រមាណ ៥,០០០ នាក់។ នាវាចម្បាំងរបស់ សហរដ្ឋអាមេរិកដ៏ធំសម្បើមនេះបានចូលចតនៅកោះហ្គាំ ជាដែនដីដ៏សំខាន់សម្រាប់មូលដ្ឋានយោធាយុទ្ធសាស្ត្ររបស់អាមេរិកក្នុងតំបន់ប៉ាស៊ីហ្វិក កាលពីថ្ងៃទី ២៨ ខែមីនា កន្លងទៅនេះ។

គួរជម្រាបថា ជំវិញរឿងដកហូតមុខតំណែងពីមេបញ្ជាការនាវាចម្បាំង លោក ប្រ៊េត ក្រូហ្សឺ នេះដែរ មានប្រជាពលរដ្ឋអាមេរិកប្រមាណជាង ១២ម៉ឺននាក់បានដាក់ញត្តិ ទៅកាន់ក្រសួងការពារជាតិអាមេរិក ដើម្បីសំដែងការមិនពេញចិត្ត និងបានទាមទាឲ្យប្រគល់តំណែងទៅរូបលោកវិញ ដោយពួកគេបានអះអាងថាកាពីទែនរូបនេះ គួរតែត្រូវបានជូនរង្វាន់បន្ថែមសម្រាប់សកម្មភាពរបស់លោក មិនមែនជាការដកហូតមុខតំណែងឡើយ ព្រោះគាត់បានសង្រ្គោះជីវិតមនុស្សជាច្រើនរយនាក់ ដែលកំពុងមានវត្តមាននៅលើវានា៕