(សេអ៊ូល)៖ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០ នេះ ប្រទេសកូរ៉េខាងត្បូងទើបតែបានរាយការណ៍ អំពីការរកឃើញចំនួនអ្នកឆ្លង COVID-19 ថ្មីៗតែ ៤៧នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលជាចំនួនទាបបំផុត មិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីករណីឆ្លងនៅកូរ៉េខាងត្បូង បានផ្ទុះឡើងដល់កម្រិតកំពូលកាលពីថ្ងៃទី២៩ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

មជ្ឈមណ្ឌលគ្រប់គ្រង និងទប់់ស្កាត់ជំងឺកូរ៉េខាងត្បូង (KCDC) បានឲ្យដឹងទៀតថា ការរកឃើញករណីឆ្លងថ្មី ៤៧នាក់ខាងលើនេះ ធ្វើឲ្យចំនួនអ្នកឆ្លង COVID-19 សរុបនៅកូរ៉េខាងត្បូងកើនដល់ ១០,២៨៤ករណី ក្នុងនោះ ១៨៦នាក់បាត់បង់ជីវិត និង ៦,៤៦៣នាក់ជាសះស្បើយ។

គួរបញ្ជាក់ថា ទោះបីជាកូរ៉េខាងត្បូង បានក្លាយជាប្រទេសមានភាពធូរស្រាល ជាក់ស្តែងពីការវាយប្រហារដោយជំងឺ COVID-19 បន្តិចទៅហើយក្តី ក៏ប្រទេសនេះ នៅតែមិនបន្ធូរដៃក្នុងការតាមដាន និងធ្វើតេស្តរកអ្នកឆ្លងនោះដែរ ព្រោះមួយរយៈចុងក្រោយនេះ ករណីនាំចូលជំងឺពីក្រៅប្រទេស និងការកើតមានករណីឆ្លងជាចង្កោមតូចៗ នៅតែបន្តកើតមានឡើង៕