(ញូយ៉ក)៖ នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ម៉ុនតេហ្វីអូរ៉េ (Montefiore) នៃសង្កាត់ ប្រុនស៍ (Bronx) ទីក្រុងញូយ៉ក ក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាជាច្រើនរូប បានប្រមូលផ្តុំគ្នាតវ៉ាដោយពាក់ម៉ាស់ជាប់នឹងមុខ និងក្នុងដៃម្នាក់ៗមានកាន់បដា ដែលសរសេរររៀបរាប់អំពីការខ្វះខាត ឧបករណ៍ការពារអាយុជីវិត និងគ្រឿងបរិក្ខាពេទ្យជាច្រើនទៀត ចំពោះមុខការវាយប្រហារកាន់តែធ្ងន់ធ្ងរ ដោយជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ The Guardian ដែលត្រូវបានដកស្រង់ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០។

ការតវ៉ាខាងលើនេះ បានកើតមានឡើងនាអំឡុងចុងសប្តាហ៍មុន ដោយក្នុងនោះគិលានុបដ្ឋាយិកាមួយរូបបានលើកឡើងថា «គិលានុបដ្ឋាយិកាច្រើននាក់ណាស់ ដែលកំពុងពោពេញដោយកំហឹង។ ពួកគេគ្រប់គ្នាមានការខកចិត្ត។ ពួកគេមិនដឹងថា តើនឹងត្រូវជួបប្រទះអ្វីទៀតទេនៅថ្ងៃខាងមុខ។ យើងបានឃើញអ្នកជម្ងឺមួយចំនួនធំ និងអ្នកជម្ងឺដែលទើបតែស្លាប់ ជាច្រើននាក់ទៀតដោយសារជំងឺនេះ (COVID-19)។ វាដូចអ្វីដែលខ្ញុំបាននិយាយនោះឯង យើងមិនត្រូវបានការពារនោះទេ»

សម្រាប់វេជ្ជបណ្ឌិតមួយរូប ដែលមានវ័យទើបតែ ២៨ឆ្នាំ បានលើកឡើងយ៉ាងដូច្នេះថា «យើងត្រូវចេញទៅធ្វើការរាល់ថ្ងៃ ដែលប្រៀបបីដូចជាសត្វចៀម ត្រូវគេត្រៀមយកទៅសម្លាប់ដូច្នោះឯង»

គួរបញ្ជាក់ថា កន្លងមកនេះគ្មានការតវ៉ាធ្លាប់កើតមានឡើងនោះឡើយ ដោយមានត្រឹមតែការរិះគន់តាមបណ្តាញសង្គម និងសារព័ត៌មានប៉ុណ្ណោះ អំពីការមិនបានត្រៀមខ្លួនទាល់តែសោះ របស់អាជ្ញាធររដ្ឋញូយ៉ក ឆ្លើយតបទៅនឹងជំងឺរាតត្បាតសកល COVID-19 ប៉ុន្តែលើកនេះការតវ៉ាជាសាធារណៈបានផ្ទុះឡើង ដែលជាសញ្ញាបង្ហាញថា រដ្ឋញូយ៉កកំពុងតែខ្វះខាតខ្លាំងបំផុតលើបរិក្ខាពេទ្យចាំបាច់ និងកំពុងទាមទាររកដំណោះស្រាយឲ្យបានឆាប់បំផុត៕