(បរទេស)៖ យោងតាមគេហទំព័រ Worldometer នៅវេលាម៉ោង ៤៖១៥នាទីរសៀលថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០ ចំនួនករណីឆ្លងជំងឺ COVID-19 នៅប្រទេសបារាំង បានកើនឡើងយ៉ាងគំហុករហូតដល់ ៨២,១៦៥ករណី ដែលលើសករណីឆ្លង COVID-19 នៅប្រទេសចិនបាត់ទៅហើយ ខណៈនៅចិនមានអ្នកឆ្លងសរុប ៨១,៦២០ករណីគិតត្រឹមពេលដូចគ្នា។ ដោយឡែកសម្រាប់ករណីស្លាប់វិញ គឺបារាំងកើនលើសចិនរហូតដល់ពីរដង ដោយចិនមានអ្នកស្លាប់សរុប ៣,៣២២នាក់ ខណៈបារាំងវិញមានរហូតដល់ ៦,៥០៧នាក់ឯណោះ ដោយសារតែ COVID-19។

ងាកទៅកាន់សហរដ្ឋអាមេរិកវិញ មនុស្សសរុបរហូតដល់ ១,៣២១នាក់បន្ថែមទៀត បានស្លាប់ដោយសារតែជំងឺ COVID-19 នៅក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលជាហេតុនាំឲ្យចំនួនមនុស្សស្លាប់សរុប ក្នុងប្រទេសមហាអំណាចលេខ ១ លើពិភពលោកនេះកើនឡើងដល់ ៧,៣៩២នាក់ ក្នុងចំណោមករណីឆ្លងសរុបរហូតដល់ ២៧៧,១៦១ករណី ខ្ពស់ជាងគេបំផុតនៅលើសកលលោកនេះតែម្តង៕