(វ៉ាស៊ីនតោន)៖ ខណៈពេលដែលក្រុមអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ នៅជុំវិញពិភពលោកកំពុងតែប្រណាំងប្រជែងគ្នា ក្នុងការផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 មូលនិធិឯកជនរបស់កំពូលមហាសេដ្ឋីអាមេរិក ប៊ីល ហ្គេតស៍ (Bill Gates) កំពុងប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឈានទៅទទួលបានវ៉ាក់សាំងនេះ ដោយបានផ្តល់មូលនិធិរាប់ពាន់លានដុល្លាអាមេរិក ទៅឲ្យរោងចក្រចំនួន ០៧កន្លែង ដែលរោងចក្រទាំងនេះនឹងធ្វើការតេស្តសាកល្បង លើបេក្ខជនរបស់ខ្លួននីមួយៗ ចំពោះវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០។

តាមរយៈការបង្ហាញវត្តមានលើកញ្ចក់ទូរទស្សន៍ ក្នុងកម្មវិធីមួយដែលមានឈ្មោះថា The Daily Show លោក ប៊ីល ហ្គេតស៍ ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft បានពន្យល់ថា ជំនួសឲ្យការធ្វើតេស្តសាកល្បងម្តងមួយៗ លើបេក្ខជនសាកល្បងវ៉ាក់សាំង ជម្រើសដ៏ល្អគឺយើងគួរធ្វើម្តងទាំង ០៧កន្លែងព្រមគ្នា នៅតាមរោងចក្រខុសៗគ្នា ដើម្បីពន្លឿនដំណើរការស្រាវជ្រាវ និងផលិតថ្នាំវ៉ាក់សាំង។ កំពូលមហាសេដ្ឋីអាមេរិករូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ទោះបីជាចុងបញ្ចប់ យើងត្រូវជ្រើសរើសតែមួយ ឬពីរក្នុងចំណោមពួកគេ ក៏យើងនឹងផ្តល់ថវិកាដល់រោងចក្រទាំង ០៧ នោះដូចគ្នាដែរ ព្រោះថាការធ្វើបែបនេះ វាធ្វើឲ្យយើងចំណេញពេលវេលាបានច្រើន»

ដោយមើលឃើញពីហានិភ័យខ្ពស់ ទៅលើសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន លោក ប៊ីល ហ្គេតស៍ បានអះអាងថា ការចំណាយប្រាក់ពីរបីពាន់លានដុល្លារ ដើម្បីចំណេញពេលវេលាខ្លះនៅពេលនេះគឺវា «មានតម្លៃ» ព្រោះបើយើងមិនជួយសង្គ្រោះស្ថានការណ៍ទាន់ពេលវេលាទេ នោះប្រាក់រាប់រយពាន់លានដុល្លារទៀតនឹងស្ថិតនៅក្នុងការខាតបង់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកដែលជាមហាអំណាចលេខ ១ លើលោកគ្រប់វិស័យនោះ ពេលនេះកំពុងរងគ្រោះដោយសារការឆ្លងជំងឺ COVID-19 ខ្លាំងក្លាជាងគេបំផុតផងដែរ ជាមួយនិងមនុស្សស្លាប់សរុប ៧,៣៩២នាក់ ក្នុងចំណោមករណីឆ្លងសរុបរហូតដល់ ២៧៧,១៦១ករណីគិតត្រឹមល្ងាចថ្ងៃសៅរ៍នេះ។ លោក ដូណាល់ ត្រាំ កាលពីពាក់កណ្តាលសប្តាហ៍នេះបានព្រមានថា គ្រប់គ្នាត្រូវត្រៀមខ្លួនទុកឲ្យហើយ សម្រាប់ពេលវេលាដ៏ឈឺចាប់រយៈពេល ២សប្តាហ៍ទៅមុខទៀត នោះគឺមានន័យថាចំនួនអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក នឹងបន្តកើនឡើងយ៉ាងគំហុកបន្ថែមទៀត៕