(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃនាថ្ងៃសៅរ៍នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន៨៩នាក់ថែមទៀត ហើយអ្នកជំងឺ ម្នាក់ទៀតទើបតែបានបាត់បង់ជីវិតផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Bangkok Post នៅថ្ងៃសៅរ៍ ទី០4 ខែមេសា ឆ្នាំ២០២០។

យោងតាមលោក Taweesin Wisanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលទទួលបន្ទុកស្ថានការណ៍ COVID-19 របស់រដ្ឋាភិបាលថៃ ប្រការនេះធ្វើ​ឲ្យចំនួនអ្នកឆ្លងសរុបនៅប្រទេសថៃ បានកើនដល់២,០៦៧នាក់ រីឯស្លាប់កើនដល់២០នាក់។ ចំណែកអ្នកដែលបានជាសះស្បើយវិញមាន​៦១២នាក់។ លោក Taweesin បានបញ្ជាក់ថា អ្នកជំងឺម្នាក់ថ្មីដែលបានបាត់បង់ជីវិត គឺជាបុរសជនជាតិថៃអាយុ៧២ឆ្នាំ ដែលមានជំងឺធ្ងន់​ប្រចាំកាយ។

គួរជម្រាបថា បច្ចុប្បន្ន ប្រទេសថៃកំពុងបន្តស្ថិតក្រោមការដាក់ឲ្យនៅក្នុងគ្រាមានអាសន្ន ខណៈរដ្ឋាភិបាលថៃបានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃ COVID-19 រួមមានការចេញបម្រាមគោចរសម្រាប់ពេលយប់ ហើយនៅថ្ងៃសៅរ៍នេះ ថៃក៏ផ្អាកមិនឲ្យ​មានជើងហោះហើរដឹកអ្នកដំណើរពីក្រៅប្រទេសចូលមកក្នុងប្រទេសខ្លួន សម្រាប់ពេល៣ថ្ងៃផងដែរ៕