(ប៉េកាំង)៖ នៅថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០ នេះគឺជាថ្ងៃដែលប្រជាជាតិចិន​ទាំងមូល ត្រូវកាន់ទុក្ខជូនចំពោះវីរជន និងប្រជាជនទាំងអស់ ដែលបានបូជាជីវិតនៅក្នុងសង្គ្រាមប្រយុទ្ធប្រឆាំង​នឹងជំងឺរាតត្បាតសកល COVID-19 ដែលបានផ្ទុះឡើងនៅប្រទេសចិន តាំងតែពីចុងខែធ្នូ ឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងបណ្តាថ្នាក់ដឹកចិនជាច្រើនរូបទៀត​បានចូលរួមពិធីកាន់ទុក្ខនៅវេលាម៉ោង ១០៖០០ព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅទីក្រុងប៉េកាំង) នៅឯទីលានបុព្វបុរស ចុងណានហៃ (Zhongnanhai) ស្ថិតក្នុងទីក្រុងប៉េកាំង។ បាច់ផ្កាពណ៌ស អមដោយការស្មឹងស្មាធគោរពវិញ្ញាក្ខន្ធ ត្រូវបានធ្វើឡើងនៅក្នុងរយៈពេល ៣នាទីនៅចំពោះមុខទង់ជាតិចិន។

ទង់ជាតិចិននៅគ្រប់ទីកន្លែងទូទាំងប្រទេស និងតាមស្ថានទូត-ស្ថានកុងស៊ុល​ទូទាំងពិភពលោក ត្រូវបានបង្ហូតមកនៅត្រឹម​ពាក់កណ្តាលដង។ បន្ថែមពីនេះ សកម្មភាពជាលក្ខណៈកម្សាន្តសប្បាយរីករាយនៅក្នុងប្រទេស នឹងត្រូវផ្អាកជាបណ្តោះអាសន្ន។ ជាមួយគ្នានេះនៅវេលាម៉ោង ១០៖០០នាទីព្រឹកថ្ងៃសៅរ៍ ប្រជាពលរដ្ឋចិននៅទូទាំងប្រទេស បានចាប់ផ្តើមធ្វើការស្មឹងស្មាធរយៈពេល ០៣នាទីដូចគ្នា ដើម្បីកាន់ទុក្ខដល់អ្នកដែលបានបាត់បង់ជីវិត ខណៈសំឡេងសារ៉ែនផ្សេងៗ ត្រូវបានបន្លឺឡើងព្រមៗគ្នា ដើម្បីបង្ហាញពីភាពសោកសៅរបស់ជាតិ។

គួរជម្រាបថា យោងតាមរបាយការណ៍ចុងក្រោយបំផុត ពីអាជ្ញាធរសុខាភិបាលចិននាព្រឹកថ្ងៃសៅរ៍នេះ ជំងឺ COVID-19 បានផ្តាច់ជីវិតមនុស្សសរុប ៣,៣២៦នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ៨១,៦៣៩នាក់។ យ៉ាងណាមិញអ្នកជំងឺដល់ទៅ ៧៦,៧៥៥នាក់ បានជាសះស្បើយឡើងវិញ ខណៈតួលេខអ្នកឆ្លងថ្មីប្រចាំថ្ងៃគឺនៅក្រោម ១០០នាក់ ដែលសុទ្ធសឹងតែជាករណីនាំចូលមកពីក្រៅប្រទេស ហើយចំនួនអ្នកស្លាប់ថ្មីក៏មានតិចតួចដែរ៕