(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃសុក្រសប្តាហ៍នេះថា មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺសហរដ្ឋអាមេរិក​ហៅកាត់ថា CDC ឥឡូវនេះបានចេញសេចក្តីណែនាំ ឲ្យប្រជាជនអាមេរិកប្រើម៉ាសក្រណាត់បិទមុខ​ដើម្បីការពារពីការឆ្លងជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ បានថ្លែងចំពោះមុខក្រុមអ្នកសារព័ត៌មាន នៅឯសេតវិមានយ៉ាងដូច្នេះថា «មជ្ឈមណ្ឌល CDC​ កំពុងណែនាំឲ្យប្រជាជនប្រើប្រាស់ម៉ាសមិនមែនវេជ្ជសាស្ត្រ (ម៉ាសក្រណាត់) ដើម្បីបិទមុខ ជាវិធានការផ្ទាល់ខ្លួនដើម្បីការពារសុខភាព។ វាគឺជាការស្ម័គ្រចិត្តរៀងៗខ្លួន។ CDC បានណែនាំឲ្យប្រើ​ក្នុងអំឡុងពេលមួយគ្រាប៉ុណ្ណោះ»

ប្រធានាធិបតីអាមេរិករូបនេះ​ថែមទាំងបានសង្កត់ធ្ងន់ទៀតថា CDC មិនបានណែនាំឲ្យប្រជាជនប្រើម៉ាសវេជ្ជសាស្ត្រ ឬម៉ាសការពារមេរោគកម្រិតខ្ពស់​ដូចជា N95 នោះឡើយ ព្រោះអាមេរិកត្រូវសន្សំសំចៃម៉ាសទាំងនេះ ដើម្បីទុកឲ្យក្រុមជំនាញវេជ្ជសាស្ត្រ ឬបុគ្គលិកពេទ្យប្រើប្រាស់ប៉ុណ្ណោះ។ លោក ត្រាំ បានបញ្ជាក់ថា ជនជាតិអាមេរិកទាំងអស់ គួរតែបន្តអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាល​​ឲ្យរក្សាគន្លាតរវាងគ្នា ដើម្បីទប់ស្កាត់ការឆ្លង COVID-19។

គួរបញ្ជាក់ថា ការខ្វះខាតម៉ាស និងការមិនព្រមប្រើប្រាស់ម៉ាស​ដើម្បីការពារសុខភាពតាមផ្លូវដង្ហើម ត្រូវបានក្រុមជំនាញមួយចំនួនលើកឡើងថា ជាកត្តាមួយដែលនាំឲ្យមានការឆ្លង COVID-19 កាន់តែខ្លាំងនៅអាមេរិក និងអឺរ៉ុប។ គិតត្រឹមម៉ោង ៩៖០០នាទីព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០ សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុប ២៧៧,១៦១ករណី ក្នុងនោះស្លាប់ ៧,៣៩២នាក់ និងជាសះស្បើយវិញ ១២,២៨៣នាក់៕