(ម៉ាឌ្រីដ)៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសអេស្ប៉ាញ បានកើនដល់់ ១០,៩៣៥នាក់ហើយ ប៉ុន្តែក្រសួងសុខាភិបាលនៃប្រទេសអឺរ៉ុបមួយនេះ បានអះអាងថា អត្រាអ្នកស្លាប់ប្រចាំថ្ងៃបានធ្លាក់ចុះជាលើកដំបូង ចាប់តាំងពីថ្ងៃទី២៦ ខែមីនាមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០។

បើតាមក្រសួងសុខាភិបាលអេស្ប៉ាញ មនុស្សសរុប ៩៣២នាក់បានស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដោយតួលេខនេះមានការធ្លាក់ចុះបើធៀបទៅនឹង កាលពីប៉ុន្មានថ្ងៃមុននេះអ្នកស្លាប់មានរហូតដល់ ៩៥០នាក់។ ក្រសួងបន្ថែមទៀតថា នៅថ្ងៃសុក្រនេះចំនួនករណីឆ្លង COVID-19 នៅទូទាំងប្រទេស ក៏បានកើនដល់ ១១៧,៧១០នាក់ផងដែរ បើធៀបទៅនឹងកាលពីថ្ងៃព្រហស្បតិ៍មាន ១១០,២៣៨ករណី ក្នុងនោះអ្នកជាសះស្បើយមាន ៣០,៥១៣នាក់។

ប្រជាជននៅលើពិភពលោកបានដឹងច្បាស់ថា អាមេរិក បារាំង អ៉ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ អង់គ្លេស សុទ្ធសឹងតែជាកំពូលប្រទេសរឹងមាំ ផ្នែកសេដ្ឋកិច្ច និងសុខាភិបាលខ្លាំងពូកែ សុទ្ធតែឈរនៅលើលំដាប់កំពូលៗ នៃតារាងបញ្ជីឈ្មោះប្រទេសអ្នកឆ្លងជំងឺ Covid-19 និងមានអ្នកស្លាប់ច្រើនជាងគេ នៅលើពិភពលោកទៅវិញ។

ត្រង់ចំណុចនេះអាចបង្ហាញយ៉ាងច្បាស់ហើយថា ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗលើលោក ដែលមានវិស័យសុខាភិបាលខ្លាំងក្លា មិនប្រាកដថាមានអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺ COVID-19 នេះចំនួនតិចទេ ហើយក៏មិនប្រាកដថា ប្រទេសក្រសេដ្ឋកិច្ចមិនសូវរឹងមាំមានអ្នកឆ្លង និងស្លាប់ច្រើននោះដែរ ការដែលសំខាន់នោះគឺភាពជាអ្នកដឹកនាំ នៃមេដឹកនាំប្រទេសនិមួយៗនោះទៅវិញទេ ដែលជាចំណុចគួរចាប់អារម្មណ៍។

យោងតាមគេហទំព័រពិភពលោក Worldometers.info គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ បង្ហាញថា៖

១៖ អាមេរិក ករណីឆ្លងកើនដល់ ២៤៥,៨៧៧ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៩៦៨នាក់ ស្លាប់សរុប ៦,០៩៥នាក់

២៖ អ៉ីតាលី ករណីឆ្លងកើនដល់ ១១៧,២៤២ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៧៦០នាក់ ស្លាប់សរុប ១៣,៩១៥នាក់

៣៖ អេស្ប៉ាញ ករណីឆ្លងកើនដល់ ១១៧,៧១០ ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៩៣២នាក់ ស្លាប់សរុប ១១៧,៧១០នាក់

៤៖ អាល្លឺម៉ង់ ករណីឆ្លងកើនដល់ ៨៥,០៦៣ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ២៦៩នាក់ ស្លាប់សរុប ១,១១១នាក់

៥៖ បារាំង ករណីឆ្លងកើនដល់ ៥៩,១០៥ករណី អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ១,៣៥៥នាក់ ស្លាប់សរុប ៥,៣៨៧នាក់

៦៖ អង់គ្លេស ករណីឆ្លងកើនដល់ ៣៣,៧១៨ករណី អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៥៦៩នាក់ស្លាប់សរុប ២,៩២១នាក់៕