(គូឡាឡាំពួរ)៖ បន្ទាប់ពីការបិទច្រកចូលភូមិរបស់ពួកគេ ប្រជាជនជនជាតិដើមភាគតិច Orang Asli មួយចំនួន នៃភូមិ Jemeri នៅក្នុងប្រទេសម៉ាឡេស៊ី បានសម្រេចចិត្តរត់ចូលទៅ ក្នុងព្រៃ ដើម្បីគេចចេញពី COVID-19 បន្ទាប់ពីជនជាតិដើមភាគតិចមួយនេះដំបូងគេម្នាក់ ឆ្លងជំងឺឆ្លងរាតត្បាតសកលដ៏កាចសាហាវនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០។

ថ្លែងប្រាប់ Reuters តាមទូរស័ព្ទចេញពីភូមិ Jemeri ស្ថិតនៅក្នុងរដ្ឋ Pahang នៃប្រទេសម៉ាឡេស៊ី អ្នកភូមិ និងជាសកម្មជនម្នាក់ឈ្មោះ Bedul Chemai បានលើកឡើងដូច្នេះថា៖« យើងបានសម្រេចចិត្តត្រឡប់ចូលទៅក្នុងព្រៃវិញ ដើម្បីនៅដាច់ឆ្ងាយពីអ្នកដទៃ និងស្វែងរកម្ហូបឬចំណីអាហារដោយខ្លួនឯង...ដ្បិតយើងដឹងច្បាស់ថាត្រូវស្វែងរកចំណីអាហារដូចម្ដេច នៅក្នុងព្រៃ ហើយនៅទីនោះយើងក៏អាចដាំដុះបានផងដែរ»។

គួរជម្រាបថា កាលពីសប្ដាហ៍មុន ជនជាតិដើមភាគតិច Orang Asli ដំបូងគេជាកុមារម្នាក់អាយុ៣ឆ្នាំ បានឆ្លងជំងឺ COVID-19 ប៉ុន្តែមិនមានការបញ្ជាក់ថា រូបគេឆ្លងដោយរបៀបណា នោះទេ។ គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ ម៉ាឡេស៊ី មានអ្នកឆ្លង COVID-19 ច្រើនជាង ៣,០០០នាក់ ក្នុងនោះមាន៥០ឆ្នាំបានស្លាប់ ខណៈតួលេខឆ្លងនេះធ្វើឱ្យម៉ាឡេស៊ី មានចំនួន អ្នកឆ្លងច្រើនជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕