(ព្យុងយ៉ាង)៖ មន្រ្តីសុខាភិបាលជាន់ខ្ពស់ នៃទីក្រុងព្យុងយ៉ាង នៅតែគូសបញ្ជាក់យ៉ាងទទូចថា ប្រទេសកូរ៉េខាងជើងគឺមិនមានករណីឆ្លងជំងឺ COVID-19 ទេ សូម្បីតែមួយករណីរហូតមកទល់នឹងពេលនេះ ខណៈតួលេខអ្នកឆ្លងសរុបនៅទូទាំងសកលលោកកើនលើសពី ១លានករណីទៅហើយ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០។

ប្រទេសកូរ៉េខាងជើងដែលត្រូវបានគេស្គាល់ថា ជាប្រទេសដែលស្ថិតនៅឯកោបំផុតមួយ នៅលើពិភពលោក ភ្លាមៗនៅពេលដែលមានករណីផ្ទុះឡើងដំបូង នៃជំងឺ COVID-19 នៅប្រទេសចិន ប្រទេសជិតខាងមួយនេះបានបិទព្រំដែនរបស់ខ្លួន ទាំងអស់យ៉ាងឆាប់រហ័ស។

លោក ប៉ាក់ ម្យុងស៊ូ (Pak Myong Su) ដែលជាប្រធានមន្ទីរប្រយុទ្ធប្រឆាំង ជំងឺឆ្លងរបស់កូរ៉េខាងជើងបានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងមួយនេះ បានទទួលជោគជ័យទាំងស្រុង ដោយពុំមានករណីឆ្លងជំងឺ COVID-19 ណាមួយបានរាយការណ៍នៅក្នុងប្រទេសរបស់ខ្លួនឡើយ។ លោក ប៉ាក់ បានប្រាប់ទីភ្នាក់ងារព័ត៌មានអន្តរជាតិដ៏ល្បីគឺ AFP យ៉ាងដូច្នេះថា «រហូតមកទល់នឹងពេលនេះ មិនមានបុគ្គលណាម្នាក់បានឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសរបស់យើងទេ។ យើងបានអនុវត្តវិធានការណ៍ការពារទុកជាមុន និងវិធានការវិទ្យាសាស្ត្រ ដូចជាការដាក់ឲ្យនៅដាច់ដោយឡែក សម្រាប់អ្នកដំណើរទាំងអស់ដែលចូលមកក្នុងប្រទេសរបស់យើង ព្រមទាំងចាត់វិធានការយ៉ាងហ្មត់ចត់ ទៅលើរាល់ទំនិញនាំចូល ក៏ដូចជាបិទព្រំដែនផ្លូវគោក ផ្លូវសមុទ្រ និងអាកាសជាដើម»

តែទោះជាយ៉ាងណាក្រុមអ្នកជំនាញបានិយាយថា ប្រទេសកូរ៉េខាងជើងងាយនឹងឆ្លងវីរុសនេះណាស់ ដោយសារតែប្រព័ន្ធថែរក្សាសុខភាពរបស់ប្រទេសនេះ គឺមានភាពទន់ខ្សោយ ព្រមទាំងបានចោទប្រកាន់រដ្ឋាភិបាលក្រុងព្យុងយ៉ាងថា បានបិទបាំងការពិត។ មេបញ្ជាការយោធាអាមេរិកប្រចាំការនៅកូរ៉េខាងត្បូង លោកឧត្តមសេនីយ៍ រ៉ូបឺត អាប្រាមស៍ (Robert Abrams) បានលើកឡើងថា ការអះអាងរបស់ក្រុងព្យុងយ៉ាងថា គ្មានករណីឆ្លងជំងឺ COVID-19 ទាល់តែសោះនៅកូរ៉េខាងជើងគឺ «មិនពិតទេ»