(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងត្រូវបានគេមើលឃើញថា អាចគ្រប់គ្រងស្ថានការណ៍ COVID-19 ដោយមិនឲ្យមានការផ្ទុះករណីឆ្លង ខ្លាំងក្លាទៀតនោះឡើយ ព្រោះអត្រាឆ្លងថ្មីៗប្រចាំថ្ងៃតែងស្ថិតនៅរង្វង់ក្រោម ឬលើស ១០០ករណីតិចតួចជានិច្ច។

តាមរយៈគេហទំព័រ Worldometer គិតត្រឹមម៉ោង ៩៖៣០នាទីព្រឹកថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០២០ នេះតែម្តង ប្រទេសកូរ៉េខាងត្បូង បានរកឃើញអ្នកឆ្លង COVID-19 ចំនួន ៨៦នាក់បន្ថែមទៀត ធ្វើឲ្យចំនួនសរុបកើនដល់ ១០,០៦២ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១៧៤នាក់ (០៥នាក់បន្ថែមទៀត ស្លាប់កាលពីថ្ងៃព្រហស្បតិ៍)។

គួរបញ្ជាក់ថា តាមរយៈតួលេខនៃអ្នកជាសះស្បើយពីជំងឺរាតត្បាតសកល COVID-19 សរុប ៦,០២១នាក់ ប្រទេសកូរ៉េខាងត្បូងកំពុងឈានទៅកាត់បន្ថយអត្រាឆ្លង និងស្លាប់ប្រចាំថ្ងៃឲ្យមកស្ថិតនៅក្នុងកម្រិតទាបបំផុត ដូចនៅប្រទេសចិនដែរ៕