(ប្រេស៊ីលីឡា)៖ ប្រទេសប្រេស៊ីលដែលមានផ្ទៃធំជាងគេនៅអាមេរិកឡាទីន និងមានប្រជាជនច្រើនជាងគេផងដែររហូតដល់ជាង ២១១លាននោះ ពេលនេះបានរកឃើញករណីឆ្លង COVID-19 កើនដល់ ៧,៩១០ករណីហើយ ដោយក្នុងនោះអ្នកជំងឺ ២៩៩នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០។

នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ប្រទេសប្រេស៊ីលបានធ្វើការកត់់ត្រា ចំនួនមនុស្សស្លាប់រហូតដល់ ៥៩នាក់ និងអ្នកឆ្លងថ្មី ១,០៧៤នាក់ទៀត ដែលជាតួលេខឆ្លង និងស្លាប់ខ្ពស់ជាងគេប្រចាំទ្វីបអាមេរិកខាងត្បូង។ សម្រាប់តំបន់ភាគអាគ្នេយ៍ប្រទេសប្រេស៊ីល ត្រូវបានចាត់ទុកជាកន្លែងរ៉ាប់រងករណីឆ្លងជំងឺរាតត្បាតសកល COVID-19 ខ្លាំងជាងគេរហូតដល់ ៤,៩៨៨ករណី ខណៈភាគឦសានរ៉ាប់រង ១,១៨០ករណី។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រេស៊ីលលោក ល្វីស ហិនរីក មែនដេតតា (Luiz Hengrique Mandetta) បានព្រមានថា ចំនួនអ្នកឆ្លងអាចនឹងលោតឡើងខ្លាំង នៅអំឡុងខែមេសានេះ ហើយប្រជាជនគ្រប់រូបគួរតែព្យាយាម «រក្សាគម្លាតក្នុងសង្គម និងព្យាយាមស្នាក់នៅក្នុងផ្ទះ» ដើម្បីបង្ការការឆ្លង ព្រោះនេះមិនមែនជាពេលត្រូវធ្វេសប្រហែសនោះទេ៕