(ប៉េកាំង)៖ ក្រោយរងការចោទប្រកាន់ពីសហរដ្ឋអាមេរិកថា មានការលាក់បាំងតួលេខពិតប្រាកដនៃអ្នកឆ្លងនិងស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសចិន រដ្ឋាភិបាលទីក្រុងប៉េកាំងនាថ្ងៃព្រហស្បតិ៍នេះ បានឆ្លើយតបវិញថា វាគឺជាការអះអាងឥតកេរ្តិ៍ខ្មាស់ របស់អ្នកនយោបាយអាមេរិកមួយចំនួន ដែលពោរពេញដោយការភូតកុហក។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយដូច្នេះថា «យើងពិតជាយល់អំពីស្ថានការណ៍ដ៏ធ្ងន់ធ្ងរ នៃការរាតត្បាត COVID-19 នៅឯសហរដ្ឋអាមេរិក ហើយពួកយើងក៏យល់ច្បាស់ដែរថា អ្នកនយោបាយមួយចំនួននៅទីនោះ ប្រាកដជាចង់យករួចខ្លួនពីការទទួលខុសត្រូវ ប៉ុន្តែយើងមិនចង់បង្កជម្លោះដែលឥតបានការនោះឡើយ»។

លោកស្រី Hua បានគូសបញ្ជាក់ច្បាស់ៗដូច្នេះថា «ចំណាត់ការដែលដាក់ចេញ និងអនុវត្តដោយរដ្ឋាភិបាលចិន គឺមានភាពហ្មត់ចត់ ទាន់ពេលវេលា និងរឹងមាំជាទីបំផុត។ ប្រទេសយើងបានខិតខំប្រឹងប្រែងជាខ្លាំង និងយ៉ាងអស់ពីសមត្ថភាពតាមតែអាចធ្វើទៅបាន ដើម្បីរក្សាការពារអាយុជីវិតក៏ដូចជាសុខុមាលភាពនៃប្រជាជនចិន ហើយមិនតែប៉ុណ្ណោះនោះស្របពេលជាមួយគ្នា គឺពួកយើងបាន ជួយផ្តល់ពេលវេលាដ៏មានតម្លៃ សម្រាប់ឲ្យពិភពលោកត្រៀមខ្លួនទប់ទល់ជាមួយជំងឺរាតត្បាតដ៏អាក្រក់នេះ។ និយាយរួម គឺចិនបានប្រឹងអស់ពីលទ្ធភាពក្នុងការផ្តល់ភាពស្មោះត្រង់ដោយឥតលាក់បាំង មានតម្លាភាព និងប្រកបដោយការទទួលខុសត្រូវ »។

លោកស្រីអ្នកនាំពាក្យក្រសួងការបរទេសចិន ក៏បានឲ្យទូន្មានអ្នកនយោបាយអាមេរិកមួយចំនួនថា ការព្យាយាមចោទប្រកាន់និង ទម្លាក់កំហុសលើអ្នកដទៃ នឹងមិនអាចតបស្នងឡើងវិញសម្រាប់ពេលវេលាដែលបានបាត់បង់ឡើយ ហើយមានតែធ្វើឲ្យកាន់តែ ខាតពេលថែមទៀត និងបាត់បង់អាយុជីវិតមនុស្សកាន់តែច្រើនទៅវិញទេ។ យោងតាមការមើលឃើញជាក់ស្តែងរបស់លោកស្រី សហរដ្ឋអាមេរិកគឺមិនបានខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាលនៃ COVID-19 នោះទេ ក្នុងរយៈពេលដល់ទៅ២ខែ បន្ទាប់ពីខ្លួន បានបិទការហោះហើរជាមួយចិន កាលពីដើមខែកុម្ភៈ។

ជាចុងក្រោយលោកស្រី Hua បានសង្កត់ធ្ងន់ថា ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខផ្នែកសុខភាពសាធារណៈរបស់ពិភពលោក អ្នកកាត់ក្តី ដែលសាកសមជាងគេបំផុតគឺអង្គការសុខភាពពិភពលោក WHO រួមជាមួយអ្នកជំនាញពាក់ព័ន្ធដទៃទៀត ដែលមានឯកទេសខាង ជំងឺឆ្លង មិនមែនអ្នកនយោបាយមួយចំនួនដែលពោរពេញដោយការភូតភរនោះឡើយ។ ថ្មីៗនេះ អ្នកនយោបាយអាមេរិកមួយចំនួន រួមមានទាំងអនុប្រធានាធិបតីអាមេរិក លោក Mike Pence និងសូម្បីតែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សុទ្ធតែបាន បង្ហាញមន្ទិលសង្ស័យចំពោះតួលេខអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសចិន ស្របពេលដែលប្រទេសរបស់ពួកគេកំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារការឆ្លងរាតត្បាតនៃជំងឺនេះ។

គួរជម្រាបថា យោងតាមវែបសាយ Worldometers.com គិតត្រឹមម៉ោង០៨៖០០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០ ចំនួនអ្នកឆ្លង COVID-19 នៅសហរដ្ឋអាមេរិក មានដល់ទៅ២១៥,៣៥៧នាក់ ក្នុងនោះ៥,១១៣នាក់បានស្លាប់ និង៨,៨៧៨នាក់ បានជាសះស្បើយ ខណៈស្ថានការណ៍នៅតែបន្តធ្ងន់ធ្ងរដដែល ចំណែកចិនឯណោះវិញ មានអ្នកឆ្លងចំនួន៨១,៥៨៩នាក់ ក្នុងនោះស្លាប់៣,៣១៨នាក់ និងជាសះស្បើយ៧៦,៤០៨នាក់ ខណៈស្ថានការណ៍បច្ចុប្បន្នគឺធូរស្រាលខ្លាំងជាងមុនឆ្ងាយ ដោយករណីថ្មីដែលរកឃើញក្នុងមួយថ្ងៃមានចំនួនក្រោម១០០ និងសឹងតែទាំងអស់ជាករណីនាំចូលមកពីខាងក្រៅប្រទេស៕