(ប៉េកាំង)៖ គណៈកម្មការជាតិសុខាភិបាលចិន (NHC) បានឲ្យដឹងថា ចិននឹងបន្តពឹងផ្អែកលើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ខណៈពិភពលោកទាំងមូល កំពុងតែជម្រុញឲ្យមានការផ្តល់ជំនួយ ពាក់ព័ន្ធនឹងសកម្មភាពបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតសកលមួយនេះ កាន់តែខ្លាំងក្លាបំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០។

នៅក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃព្រហស្បតិ៍នេះ មន្ត្រីម្នាក់មកពីគណៈកម្មការជាតិសុខាភិបាលចិនឈ្មោះ លី មីងជូ (Li Mingzhu) បានគូសបញ្ជាក់ដូច្នេះថា «ចិននឹងគាំទ្រ G20 ដើម្បីពង្រឹងការចែករំលែកព័ត៌មាន, ការសម្របសម្រួលគោលនយោបាយ និងកិច្ចសហប្រតិបត្តិការសកម្មភាព ក្នុងការរៀបចំកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីសុខាភិបាល G20 ព្រមទាំងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍថ្នាំ និងវ៉ាក់សាំង (ប្រឆាំង COVID-19)»

គួរជម្រាបថា បើតាមលោក Li Mingzhu ចិននឹងបង្កើតបណ្ដាញសុខាភិបាលបន្ទាន់ តាមរយៈយន្ដការណ៍កិច្ចសហប្រតិបត្តិការថ្នាក់តំបន់រវាងចិន និងជប៉ុន កូរ៉េខាងត្បូង ក៏ដូចជាបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់, បណ្ដាប្រទេសអាស៊ីកណ្ដាល និងអឺរ៉ុបខាងកើត។ ជាក់ស្ដែងថ្មីៗនេះ រដ្ឋាភិបាលចិនបានផ្ដល់ជំនួយ ២០លានដុល្លារ ដល់អង្គការសុខភាពពិភពលោក WHO សំដៅគាំទ្រកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រយុទ្ធប្រឆាំងនឹង COVID-19៕