(ស៊ីដនី)៖ មកដល់ថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរអូស្ត្រាលីនៅតែបន្តជាប់គាំង ជាមួយនឹងបញ្ហាកប៉ាល់ទេសចរណ៍ជាច្រើនគ្រឿង ដែលកំពុងតែស្ថិតនៅតាមឆ្នេរសមុទ្ររបស់ខ្លួន ខណៈក្តីបារម្ភអំពីការឆ្លងរីករាលដាលនៃជំងឺ COVID-19 នៅតែមាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០២០។

នាវាទេសចរណ៍បរទេសរាប់សិបគ្រឿង បានបន្តស្ថិតនៅក្នុងដែនទឹករបស់អូស្ត្រាលីចំនួន ០៣កន្លែង បើទោះបីជាមានការបញ្ជាពីមន្ត្រីព្រំដែនអូស្ត្រាលី ឲ្យចាកចេញពីដែនទឹករបស់ខ្លួនក៏ដោយ។ លទ្ធភាពនៃការរកឃើញអ្នកដំណើរ ដែលមានផ្ទុកជំងឺ COVID-19 បានពន្យារពេលមិនឲ្យនាវាទេសចរណ៍ទាំងនោះ ចាកចេញពីដែកទឹករបស់អូស្ត្រាលី ដើម្បីធានានូវសុខុមាលភាពរបស់អ្នកដំណើរនៅលើនាវា។

ភាពភ័យខ្លាចកាន់តែកើតមានខ្លាំងឡើងទាក់ទងនឹងលទ្ធភាព នៃរាតត្បាតជំងឺចេញពីនាវាទេសចរណ៍ទាំងនោះ បន្ទាប់ពីមាននាវាទេសចរណ៍មួយគ្រឿងឈ្មោះថា រ៉ាប៊ីព្រីនសេស (Ruby Princess) កាលពីខែមុនត្រូវបានអនុញ្ញាត ឲ្យចូលចតនៅកំពុងផែទីក្រុងស៊ីដនី ដោយបាននាំយកមកជាមួយអ្នកដំណើរជាង ១០០នាក់ដែលមានផ្ទុកជំងឺ COVID-19 មកចម្លងក្នុងសហគមន៍។

មានករណីជាង ៣០០ករណីគឺមានជាប់ពាក់ព័ន្ធនឹងកប៉ាល់ខាងលើ ខណៈការសម្រេចអនុញ្ញាតឲ្យនាវាទេសចរណ៍នេះចូលចត បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីគ្រប់ភាគី។ កំឡុងពេលនេះ មានកប៉ាល់ទេសចរណ៍មួយគ្រឿងនៅតែបន្តចតនៅក្នុងរដ្ឋអូស្រ្តាលីភាគខាងលិច ទោះបីជាមានបទបញ្ជាពីមន្ត្រីរដ្ឋាភិបាលឲ្យចាកចេញក៏ដោយ។

អ្នកដំណើរប្រមាណ ៤០នាក់ត្រូវបានគេដឹកចេញពីកប៉ាល់ បន្ទាប់ពីបានតេស្តរកឃើញថាមានផ្ទុកជំងឺ COVID-19 ហើយបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យមួយកន្លែងនៅក្បែរនោះ។ ទោះជាយ៉ាងណា មានសេចក្តីរាយការណ៍ថា នៅមានអ្នកឆ្លងជំងឺនេះបន្ថែមទៀតនៅលើកប៉ាល់ ដែលជាហេតុនាំឲ្យមានការស្នើសុំពេលចូលចតបន្ថែមទៀត។

គួរជម្រាបថា បច្ចុប្បន្នអូស្ត្រាលីបានកត់ត្រាអ្នកឆ្លងជំងឺ COVID-19 ចំនួន ៥,១២៤ករណី ក្នុងនោះ ២៤នាក់ស្លាប់ និង ៣៤៥នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញ។ អូស្ត្រាលីក៏កំពុងស្ថិតនៅក្នុងការប្រកាសអាសន្ន និងរឹតត្បិតសកម្មភាពសង្គមយ៉ាងតឹងរ៉ឹងផងដែរ ក្នុងនោះមានដូចជាពិន័យរាប់ពាន់ដល់ម៉ឺនដុល្លារ ចំពោះអ្នកល្មើសបំរាមជួបជុំ ឬក៏អាចចាប់ពន្ធនគារតែម្តង ដើម្បីជាវិធានការទប់ស្កាត់ COVID-19៕