(រីយ៉ូដឺហ្សាណេរ៉ូ)៖ រដ្ឋាភិបាលប្រទេសប្រេស៊ីលកាលពីថ្ងៃពុធម្សិលមិញនេះ បានចេញនូវគំនិតផ្តួចផ្តើមបង្កើតវិធីសាស្ត្រថ្មីមួយ សម្រាប់ការតាមដាន និងស្វែងរកអ្នកជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នាថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០។

តាមរយៈវិធីសាស្ត្រថ្មីនេះ ក្រសួងសុខាភិបាលប្រេស៊ីលនឹងប្រើប្រាស់ប្រព័ន្ធរ៉ូបូត ដើម្បីហៅទូរស័ព្ទចូលទៅកាន់ប្រជាពលរដ្ឋប្រមាណ១២៥ លាននាក់ ដែលស្មើនឹង ៦០% នៃចំនួនប្រជាជនសរុបរបស់ខ្លួន ដើម្បីសួរអំពីស្ថានភាពសុខភាពរបស់ពួកគេ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រេស៊ី លោកល្វីស ហាន់រីក ម៉ាន់ដិតតា (Luiz Henrique Mandetta) បានលើកឡើងយ៉ាងដូច្នេះថា «យើងនឹងធ្វើការហៅទូរស័ព្ចចូលទៅកាន់អ្នកទាំងអស់គ្នា។ ដូច្នេះសូមកុំភ័យខ្លាច ប្រសិនបើលឺទូរស័ព្ទរោទិ៍។ វាដូចជាការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតអញ្ចឹង ប៉ុន្តែតាមរយៈសំលេងសិប្បនិម្មិត»។ លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា តាមរយៈចម្លើយ កម្មវិធីនឹងអាចកំណត់ថា តើពួកគេកំពុងស្ថិតក្នុងស្ថានភាពសុខភាពបែបណា? តើពួកគេមានរោគសញ្ញាជំងឺ COVID-19 ដែរឬទេ? បើមានតើពួកគេបានទាក់ទងដោយផ្ទាល់ជាមួយអ្នកណាខ្លះ?

គួរជម្រាបថា ប្រេស៊ីលដែលត្រូវបានគេចាត់ទុកថា ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតនៅអាមេរិកឡាទីន ដោយសារជំងឺរាតត្បាតសកល COVID-19 ឥឡូវនេះបានកត់ត្រាករណីឆ្លងចំនួន ៦,៩៣១ ករណីហើយនៅទូទាំងប្រទេស ដោយក្នុងនោះ ២៤៤ នាក់ស្លាប់បាត់បង់ជីវិត និង ១២៧នាក់ផ្សេងទៀងបានជាសះស្បើយឡើងវិញ៕