(បរទេស)៖ សហរដ្ឋអាមេរិកបានបង្កើតកំណត់ត្រាថ្មី ដោយក្នុងរយៈពេលត្រឹម ២៤ម៉ោង ប្រទេសមហាអំណាចមួយនេះ មានអ្នកជំងឺស្លាប់ដោយសារជំងឺ COVID-19 រហូតដល់ ១០៤៩នាក់ទៀត។ នេះបើយោងតាមតួលេខពីគេហទំព័រពិភពលោក www.worldometers.info បានបង្ហាញឲ្យដឹងយ៉ាងដូច្នេះ។

ស្ថានការណ៍ COVID-19 នៅសហរដ្ឋអាមេរិក ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះបានកត់ត្រាអ្នកស្លាប់ដោយសារជំងឺ COVID-19 រហូតដល់ ១០៤៩នាក់ ដែលជាអត្រាមួយដ៏ខ្ពស់បំផុត ចាប់តាំងពីមានការផ្ទុះរីករាលដាលជំងឺដ៏កាចសាហាវនេះមក។

ដោយឡែកសម្រាប់រយៈពេល ២៤ម៉ោងដដែលនេះ សហរដ្ឋអាមេរិកក៏បានកត់ត្រាអ្នកឆ្លងថ្មីៗរហូតដល់ ២៥,២០០ ករណីទៀតនៅទូទាំងប្រទេសផងដែរ។ រដ្ឋញូវយ៉ក គឺជាចំណុចកណ្តាល នៃការរីករាលដាលនៃជំងឺ COVID-19 នៅសហរដ្ឋអាមេរិក ដែលយ៉ាងហោចណាស់មានអ្នកស្លាប់ ដោយសារជំងឺនេះចំនួន ១,៩០០នាក់ត្រូវបានកត់ត្រានៅទីនោះ។

បច្ចុប្បន្នសហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុបចំនួន ២១៥,២១៥ករណី ក្នុងនោះអ្នកជំងឺស្លាប់សរុប ៥,១១០នាក់។

គួរជម្រាបថា ពលរដ្ឋអាមេរិកជាង ០៨នាក់ក្នុងចំណោម១០នាក់ នៅពេលបច្ចុប្បន្នកំពុងស្ថិតនៅក្រោមបទបញ្ជាឲ្យស្ថិតនៅក្នុងផ្ទះ ដើម្បីចូលរួមទប់ស្កាត់នៃការរីករាលដាលជំងឺរាតត្បាតសកលមួយនេះ។ ពោលបទបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ ត្រូវបានធ្វើឡើងដោយអាជ្ញាធររដ្ឋចំនួន ៣៧ ក្នុងចំណោមរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិរករួចស្រេចហើយ ប៉ុន្តែទៅតាមកម្រិត និងពេលវេលាខុសៗគ្នា ដោយក្នុងនោះប្រជាជនអាមេរិកយ៉ាងហោចណាស់ ២៩៤លាននាក់ត្រូវជាប់គាំង ក្នុងចំណោមប្រជាជនសរុបរបស់ខ្លួន ៣២៨លាននាក់។

សូមជំរាបថា ប្រជាជននៅលើពិភពលោកបានដឹងច្បាស់ថា អាមេរិក បារាំង អ៉ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ អង់គ្លេស សុទ្ធសឹងតែជាកំពូលប្រទេសរឹងមាំ ផ្នែកសេដ្ឋកិច្ច និងសុខាភិបាលខ្លាំងពូកែ សុទ្ធតែឈរនៅលើលំដាប់កំពូលៗ នៃតារាងបញ្ជីឈ្មោះប្រទេសអ្នកឆ្លងជំងឺ Covid-19 និងមានអ្នកស្លាប់ច្រើនជាងគេ នៅលើពិភពលោកទៅវិញ។

ត្រង់ចំណុចនេះអាចបង្ហាញយ៉ាងច្បាស់ហើយថា ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗលើលោក ដែលមានវិស័យសុខាភិបាលខ្លាំងក្លា មិនប្រាកដថាមានអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវិដ១៩នេះចំនួនតិចទេ ហើយក៏មិនប្រាកដថា ប្រទេសក្រសេដ្ឋកិច្ចមិនសូវរឹងមាំ មានឆ្លង និងស្លាប់ច្រើននោះដែរ ការដែលសំខាន់នោះគឺភាពជាអ្នកដឹកនាំនៃមេដឹកនាំប្រទេសនិមួយៗនោះទៅវិញទេ ដែលជាចំណុចគួរចាប់អារម្មណ៍។

យោងតាមគេហទំព័រពិភពលោក Worldometers.info គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ បង្ហាញថា៖

១៖ អាមេរិក ករណីឆ្លងកើនដល់ ២១៥,០០៣ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ១០៤៩នាក់ ស្លាប់សរុប ៥១០២នាក់

២៖ អ៉ីតាលី ករណីឆ្លងកើនដល់ ១១០,៥៧៤ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៧២៧នាក់ ស្លាប់សរុប ១៣,១៥៥នាក់

៣៖ អេស្ប៉ាញ ករណីឆ្លងកើនដល់ ១០៤,១១៨ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៩២៣នាក់ ស្លាប់សរុប ៩៣៨៧នាក់

៤៖ អាល្លឺម៉ង់ ករណីឆ្លងកើនដល់ ៧៧,៩៨១ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ១៥៦នាក់ ស្លាប់សរុប ៩៣១នាក់

៥៖ បារាំង ករណីឆ្លងកើនដល់ ៥៦,៩៨៩ករណី អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៥០៩នាក់ ស្លាប់សរុប ៤០៣២នាក់

៦៖ អង់គ្លេស ករណីឆ្លងកើនដល់ ២៩,៤៧៤ អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៥៦៣នាក់ ស្លាប់សរុប ២៣៥២នាក់៕