(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉ាឌីមៀ ពូទីន បានសម្រេចចិត្ត «ធ្វើការពីចម្ងាយ» បន្ទាប់ពីលោកបានជួបជាមួយវេជ្ជបណ្ឌិតម្នាក់ ដែលក្រោយមកត្រូវបានគេ ធ្វើតេស្ដរកឃើញផ្ទុក COVID-19។ នេះបើតាមវិមានក្រឹមឡាំង ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធនេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះមុននឹងលោក ពូទីន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់លោក តាមវីដេអូខុនហ្វេរិន
វិមានក្រឹមឡាំងបានបញ្ជាក់ដូច្នេះថា៖ «លោកប្រធានាធិបតី បានសម្រេចចិត្តធ្វើការពីចម្ងាយ ចេញពីវិមានប្រធានាធិបតីក្នុងតំបន់ Novo-Ogaryovo ស្ថិតនៅខាងក្រៅទីក្រុងម៉ូស្គូ ខណៈយើងកំពុងដាក់ចេញនូវវិធានការបង្ការចាំបាច់ទាំងអស់»

លោក ពូទីន បានជួបលោកវេជ្ជបណ្ឌិត Denis Protsenko កាលពីសប្ដាហ៍មុន កំឡុងពេលបំពេញទស្សនកិច្ចទៅកាន់មន្ទីរពេទ្យ Kommunarka ក្នុងទីក្រុងម៉ូស្គួ។ ប៉ុន្តែ កាលពីថ្ងៃអង្គារ លោក Protsenko ស្រាប់តែត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុក COVID-19។

គួរជម្រាបថា ប្រជាជនរុស្ស៊ីជិត ៧០ភាគរយ នៃប្រជាជនសរុប១៤៧លាននាក់ កំពុងស្ថិតនៅក្រោមការអនុវត្តវិធានការរឹត ត្បិត ក្នុងនោះរួមមានទាំងការស្នាក់នៅក្នុង ផ្ទះដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ដែលបានចម្លងដល់ប្រជាជនរុស្ស៊ី ២,៧៧៧នាក់ ក្នុងនោះមាន២៤នាក់ ហើយភាគច្រើននៃអ្នកស្លាប់ទាំងនេះត្រូវបាន រាយការណ៍ក្នុងទីក្រុងម៉ូស្គូ៕