(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថា ប្រទេសសរុប ១២១ ហើយនៅទូទាំងពិភពលោក បានធ្វើការស្នើសុំមកកាន់ប្រទេសកូរ៉េខាងត្បូង ឲ្យជួយពួកគេពាក់ព័ន្ធនឹងវិធីសាស្ត្រ និងឧបករណ៍ធ្វើតេស្តរកវីរុសកូរ៉ូណាថ្មី (COVID-19) ខណៈដែលប្រទេសអាស៊ីបូព៌ាមួយនេះ បានទទួលការកោតសរសើរជាច្រើនរួចមកហើយ សូម្បីតែពីសំណាក់ក្រុមជំនាញអាមេរិកថា បានអនុវត្តការធ្វើតេស្តរក COVID-19 លឿន និងមានប្រសិទ្ធភាព។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។

យុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយធំរបស់កូរ៉េខាងត្បូង ដែលក្នុងនោះគឺផ្តោតសំខាន់ លើការតាមដានសកម្មភាពប្រជាជនយ៉ាងខ្លាំងក្លានោះ កន្លងមកនេះត្រូវបានគេទទួលស្គាល់ថា ជួយកាត់បន្ថយអត្រាឆ្លងរាលដាលនៃវីរុស នៅក្នុងប្រទេសដែលធ្លាប់មានករណីឆ្លង COVID-19 ផ្ទុះឡើងច្រើនជាងគេលើលោក លំដាប់ទីពីរបន្ទាប់ពីប្រទេសចិននោះ។

មន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង ដែលសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ថា «យើងបានទទួលសំណើច្រើនណាស់ពីប្រទេសនានា ខណៈដែលយើងបានកសាងបទពិសោធន៍នេះ (ការគ្រប់គ្រង និងធ្វើតេស្តរក COVID-19) តាំងតែពីការផ្ទុះករណីឆ្លងដំបូងៗ។ សរុបទៅប្រទេសចំនួន ១២១ បានស្នើសុំយើង ហើយចំនួននឹងកើនឡើងទៀតពីមួយថ្ងៃទៅមួយថ្ងៃ»

បន្ថែមពីខាងលើនេះ កូរ៉េខាងត្បូងក៏បានបង្កើតក្រុមការងារពិសេសមួយរួចមកហើយដែរ ដើម្បីសិក្សាថា តើប្រទេសនេះអាចផ្តល់ការជួយសង្គ្រោះក្នុងន័យមនុស្សធម៌ ឬក៏នាំចេញឧបករណ៍ធ្វើតេស្តរក COVID-19 ព្រមទាំងវិធីសាស្ត្រផ្សេងៗដោយរបៀបណា ទៅកាន់បណ្តាប្រទេសដែលបានធ្វើការសំណូមពរនោះ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុននេះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានស្នើសុំដោយផ្ទាល់មកកាន់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ីន ឲ្យជួយផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រជាច្រើន ដល់សហរដ្ឋអាមេរិកផងដែរ ជាមួយនឹងការសន្យាថា អាមេរិកនឹងជួយឲ្យក្រុមហ៊ុនកូរ៉េខាងត្បូង ទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីអាមេរិក៕