(ស្វីស)៖ អាជ្ញាធរសុខាភិបាលស្វីសបានរាយការណ៍ឲ្យដឹង នៅព្រឹកថ្ងៃពុធនេះថា ចំនួនអ្នកឆ្លងសរុបនៃជំងឺ COVID-19 នៅក្នុងប្រទេសរបស់ខ្លួនបានកើនដល់១៦,១៧៦ករណី ដោយក្នុងនោះ ៣៧៣នាក់ស្លាប់បាត់បង់ជីវិត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។

គ្រាន់តែក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញនេះ ប្រទេសអ៊ឺរ៉ុបដែលមានប្រជាជនប្រមាណជាង៨លាននាក់ និងជាប្រទេសដែលត្រូវបានគេចាត់ទុកថា មានភាពជឿនលឿនផ្នែកសេដ្ឋកិច្ច និងវេជ្ជសាស្ត្រមួយនេះ បានកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 រហូតដល់៧៨នាក់ឯណោះ។

នៅចំពោះមុខការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ រដ្ឋាភិបាលប្រទេសស្វីសបានដាក់ចេញ នូវវិធានការរឹតត្បិតជាច្រើនដើម្បីទប់ស្កាត់ តួយ៉ាងដូចជាការហាមឃាត់មិនឲ្យជួបជុំគ្នា បិទសាលារៀន ក៏ដូចជាបិទសេវាកម្មមួយចំនួន ដែលមិនចាំបាច់ជាដើម។ តែទោះជាយ៉ាងណា នារយៈពេលចុងក្រោយនេះ សន្ទុះនៃអត្រាអ្នកឆ្លង និងអ្នកស្លាប់ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

គួរបញ្ជាក់ថា រហូតមលទល់ពេលនេះអាជ្ញាធរសុខាភិបាលស្វីស បានធ្វើតេស្តលើមនុស្សចំនួន១៥,៥៧៥នាក់ ដោយក្នុងនោះមនុស្សចំនួន១៦,១៧៦នាក់ មានលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19 ហើយក្នុងចំណោមអ្នកឆ្លងទាំងអស់នេះទៀតសោត មានអ្នកស្លាប់ចំនួន៣៧៣នាក់ និង១,៨២៣នាក់ បានជាសះស្បើយឡើងវិញ៕