(ប៉េកាំង)៖ ពិភពលោកទាំងមូលពេលនេះកំពុងតែប្រយុទ្ធប្រឆាំង នឹងវីរុសកូរ៉ូណាថ្មី (COVID-19) ដែលបានពង្រីកខ្លួន ទៅកាន់ប្រទេស និងតំបន់ជាង ២០០ហើយ នៅទូទាំងភពផែនដី។ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានចាត់ទុក COVID-19 គឺជាវិបត្តិធ្ងន់ធ្ងរបំផុត មិនធ្លាប់មានសម្រាប់អន្តរជាតិ គិតចាប់តាំងពីសម័យសង្គ្រាមលោកលើកទីពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។

លោកអគ្គលេខាធិការ UN បានលើកឡើងទៀតថា ជំងឺរាតត្បាតសកល COVID-19 កំពុងតែបង្កការគំរាមកំហែង ដល់គ្រប់គ្នាទាំងអស់នៅលើពិភពលោក ហើយវាក៏នឹងបង្កទៅជាវិបត្តិសេដ្ឋកិច្ច ដែលយើងមិនធ្លាប់បានជួបប្រទះ នាពេលថ្មីៗនេះផងដែរ ដូច្នេះគ្រប់គ្នាត្រូវចែករំលែកនូវភាពទទួលខុសត្រូវជាសកល ឆ្លើយតបនឹងផលប៉ះពាល់ចំពោះសេដ្ឋកិច្ច និងសង្គមបង្កឡើងដោយ COVID-19។

គួរបញ្ជាក់ថា បើតាមតួលេខចុងក្រោយនៅវេលាម៉ោង ៩៖០០នាទីព្រឹកថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០ ប្រទេស និងតំបន់សរុបចំនួន ២០២ហើយ កំពុងកើតមានករណីឆ្លង COVID-19 ពីកម្រិតតិចតួចទៅកម្រិតធ្ងន់ធ្ងរបំផុត។ COVID-19 បានចម្លងដល់មនុស្ស ៨៥៨,១២៦នាក់ ក្នុងនោះស្លាប់ ៤២,១៤០នាក់ និង ១៧៧,១៤១នាក់បានជាសះស្បើយ៕