(ប៉េកាំង)៖ តួលេខចុងក្រោយបានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារតែជំងឺ COVID-19 នៅក្នុងប្រទេសបារាំង បានកើនឡើងដល់ ៣,៥២៣នាក់ហើយ ដែលនេះជាចំនួនលើសប្រទេសចិន ដែលមានចំនួនអ្នកស្លាប់សរុប ៣,៣០៥នាក់។ នេះបើតាមការដកស្រង់តួលេខពីវែបសាយ worldometers.info នាព្រឹកថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។

ទោះបីជាបែបនេះក្តី ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសបារាំង មានសរុប ៥២,១២៨ករណី ទាបជាងប្រទេសចិនដែលមាន៨១,៥១៨ករណី ដូច្នេះមានន័យថា អត្រាស្លាប់នៅក្នុងប្រទេសបារាំងមានខ្ពស់ជាងនៅចិន។ ដោយឡែកសម្រាប់ចំនួនអ្នកជាសះស្បើយវិញនៅចិនមានរហូតដល់ ៧៦,០៥២នាក់ទៅហើយ ខណៈនៅបារាំងវិញនៅទាប ទើបមានត្រឹមតែ ៩,៤៤៤នាក់ប៉ុណ្ណោះ។

គិតត្រឹមព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ សម្រាប់ប្រទេសដែលឈរលេខ១ ក្នុងតារាងមានអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុតនោះគឺសហរដ្ឋអាមេរិក ដែលមានចំនួនជិត១៩ម៉ឺននាក់ ក្នុងនោះអ្នកជំងឺ ៣,៨៨៣ស្លាប់។ ដោយឡែកប្រទេសអ៉ីតាលីវិញឈរនៅលេខ១ ក្នុងនាមជាប្រទេសមានមនុស្សស្លាប់ច្រើនបំផុត ដោយសារ COVID-19 ចំនួន ១២,៤២៨នាក់ក្នុងចំណោមករណីឆ្លងសរុប ១០៥,៧៩២នាក់។

សហរដ្ឋអាមេរិកគឺជាប្រទេសមហាអំណាចលេខ១លើលោក ទាំងផ្នែកសេដ្ឋកិច្ច និងវិស័យសុខាភិបាលសុទ្ធតែមានមានភាពរឹងមាំខ្លាងក្លាជាងគេបំផុត ប៉ុន្តែពេលនេះក៏បានក្លាយទៅជាប្រទេសឈរលំដាប់លេខ១ដែរ ដែលមានមនុស្សឆ្លងជំងឺ Covid-19 ច្រើនជាងគេបំផុត រហូតដល់ជិត១៩ម៉ឺននាក់ និងមានមនុស្សស្លាប់សរុបរហូត៣៤៣១នាក់។ នេះបើយោងតាមគេហទំព័រ Worldometers.info គិតត្រឹមយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ។

ក្រៅពីសហរដ្ឋអាមេរិក, ប្រជាជននៅលើពិភពលោកក៏បានដឹងច្បាស់ដែរថា ប្រទេសចំនួន៤ទៀតគឺ បារាំង អ៉ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ សុទ្ធសឹងតែជាកំពូលប្រទេស ផ្នែកសេដ្ឋកិច្ច និងសុខាភិបាលខ្លាំងពូកែ ប៉ុន្តែក៏បានឈរនៅលើលំដាប់កំពូលនៃតារាងបញ្ជីឈ្មោះប្រទេសអ្នកឆ្លង និងមានអ្នកស្លាប់ច្រើនជាងគេ នៅលើពិភពលោក។

ត្រង់ចំណុចនេះអាចបង្ហាញយ៉ាងច្បាស់ហើយថា ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗលើលោក ដែលមានវិស័យសុខាភិបាលខ្លាំងក្លា មិនប្រាកដថាមានអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវិដ១៩នេះចំនួនតិចទេ ហើយក៏មិនប្រាកដថា ប្រទេសក្រសេដ្ឋកិច្ចមិនសូវរឹងមាំ មានឆ្លង និងស្លាប់ច្រើននោះដែរ ការដែលសំខាន់នោះគឺភាពជាអ្នកដឹកនាំនៃមេដឹកនាំប្រទេសនិមួយៗនោះទៅវិញទេ ដែលជាចំណុចគួរចាប់អារម្មណ៍។

តាមគេហទំព័រពិភពលោក Worldometers.info គិតត្រឹមម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ បង្ហាញថា៖

១៖ អាមេរិក ករណីឆ្លងកើនដល់ ១៨៨,២៨០ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៧៤២នាក់ ស្លាប់សរុប ៣៨៨៣នាក់
២៖ អ៉ីតាលី ករណីឆ្លងកើនដល់ ១០១,៧៣៩ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៨៣៧នាក់ ស្លាប់សរុប ១២៤២៨នាក់
៣៖ អេស្ប៉ាញ ករណីឆ្លងកើនដល់ ៩៥,៩២៣ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៧៤៨នាក់ ស្លាប់សរុប ៨៤៦៤នាក់
៤៖ អាល្លឺម៉ង់ ករណីឆ្លងកើនដល់ ៧១,៨០៨ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ១៣០នាក់ ស្លាប់សរុប ៧៧៥នាក់
៥៖ បារាំង ករណីឆ្លងកើនដល់ ៥២,១២៨ករណី អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៤៩៩នាក់ ស្លាប់សរុប ៣៥២៣នាក់៕