(ញូយ៉ក)៖ ទោះបីជានាវាពេទ្យយោធាអាមេរិក បានទៅដល់ទីក្រុងញូយ៉កទៅហើយមែន ប៉ុន្តែវាមានន័យតិចតួចនៅឡើយ សម្រាប់ការសម្រាកបន្ទុក ស្ថានការណ៍នៅក្នុងទីក្រុង និងរដ្ឋញូយ៉កទាំងមូល ដែលកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារតែការឆ្លងរាតត្បាត នៃជំងឺ COVID-19 នៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។

ចំពោះមុខបញ្ហាដែលកំពុងកើនឡើង វេជ្ជបណ្ឌិតមួយរូបប្រចាំនៅញូយ៉ក លោក សាមីត ផាធែល (Shamit Patel) បានលើកឡើងថា គ្រប់យ៉ាងត្រូវបានត្រៀមលក្ខណៈរួចហើយ សម្រាប់ស្ថានការណ៍ដ៏អាក្រក់ ដែលនឹងកើតឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះប៉ុណ្ណោះ ខណៈដែលអ្នកជំងឺ COVID-19 នៅតាមមន្ទីរពេទ្យនានា ចេះតែកើនឡើង ហើយការកកស្ទះគឺជិតកើតឡើងហើយ។

វេជ្ជបណ្ឌិត Shamit Patel បានលើកឡើងយ៉ាងដូច្នេះថា «យើងមិនទាន់ឈានដល់ តំណាក់កាលលើសចំនួនកំណត់នៅឡើយទេ (ខ្វះខាតមន្ទីរពេទ្យ) ប៉ុន្តែយើងកំពុងត្រៀមខ្លួនសម្រាប់វាហើយ។ ខ្ញុំគិតថាមន្ទីរពេទ្យមានផែនការយ៉ាងល្អ។ បើពិនិត្យទៅលើអត្រានៃការឆ្លងពេលនេះ ខ្ញុំគិតថាចំណុចកំពូលនៃការឆ្លងរាលដាល អាចនឹងកើតឡើងនាចុងសប្តាហ៍នេះ ឬក៏នៅសប្តាហ៍ក្រោយ»

សម្រាប់លោកវេជ្ជបណ្ឌិត Patel ស្ថានការណ៍អាក្រក់នៅញូយ៉ក ដែលលោកចង់សំដៅទៅលើនោះ គឺវាអាចនឹងមិនខុសពីតំបន់មួយចំនួន នៅក្នុងប្រទេសអ៉ីតាលីនោះឡើយ ដោយមន្ទីរពេទ្យនៅទីនោះមានការខ្វះខាតសព្វគ្រប់ ដែលមិនអាចថែទាំអ្នកជំងឺឆ្លង COVID-19 ទាំងអស់បាននោះឡើយ ប៉ុន្តែវាជារឿងត្រឹមត្រូវ ដែលរដ្ឋញូយ៉ក ត្រូវតែត្រៀមខ្លួនសម្រាប់ស្ថានការណ៍ដ៏អាក្រក់ទុកជាមុន។

គួរបញ្ជាក់ថា បើតាមតួលេខចុងក្រោយពីសាកលវិទ្យាល័យអាមេរិក ចន ហប់ឃីនស៍ (Johns Hopkins) ដែលមានតួនាទីតាមដានជាប្រចាំលើស្ថានការណ៍ COVID-19 ទាំងនៅសហរដ្ឋអាមេរិក និងទូទាំងពិភពលោកបានឲ្យដឹងថា ពេលនេះចំនួនមនុស្សស្លាប់ ដោយសារតែជំងឺរាតត្បាតសកលនេះ នៅទូទាំងប្រទេសមហាអំណាចមួយនេះ បានកើនឡើងដល់ ៣,០០៨នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ១៦៣,៤២៩ករណី។ រដ្ឋញូយ៉កឈរនៅលេខ ១ ក្នុងចំណោមរដ្ឋទាំង ៥០ ដោយរ៉ាប់រងករណីស្លាប់ជាង ១,២០០នាក់ ក្នុងចំណោមអ្នកឆ្លងនៅក្នុងរដ្ឋភាគឦសាននេះទាំងអស់ជាង ៦៦,០០០ករណី៕