(សេអ៊ូល)៖ នាថ្ងៃអង្គារនេះ កូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លង COVID-19 ចំនួន១២៥នាក់ថែមទៀត ធ្វើឲ្យតួលេខអ្នកឆ្លងសរុបកើន​ដល់៩,៧៨៦នាក់។ រីឯចំនួនអ្នកជំងឺដែលបានបាត់បង់ជីវិត ក៏កើនពី១៥៨នាក់ ដល់១៦២នាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។

ក្នុងចំណោមករណីថ្មីទាំងនោះ មាន១៥ករណីត្រូវបានរកឃើញនៅតាមអាកាសយានដ្ឋានរបស់ប្រទេសកូរ៉េខាងត្បូង។ ចាប់ពីពាក់កណ្តាល​អធ្រាត្រថ្ងៃពុធសប្តាហ៍នេះ កូរ៉េខាងត្បូងនឹងតម្រូវឲ្យអ្នកដែលចូលមកពីក្រៅប្រទេសទាំងអស់ ត្រូវតែអនុវត្តវិធានការនៅដាច់ដោយឡែក​រយៈពេល០២សប្តាហ៍។

ក្រៅពីការរកឃើញករណីឆ្លងថ្មីចំនួន១២៥នាក់ អ្នកជំងឺ COVID-19 ចំនួន០៤នាក់ទៀតនៅកូរ៉េខាងត្បូង ទើបតែបានស្លាប់។ ទន្ទឹមគ្នានេះដែរ អ្នកជំងឺសរុប១៨០នាក់បន្ថែមទៀត ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយ។ មកទល់ពេលនេះ អ្នកដែលជាពីជំងឺ COVID-19 នៅកូរ៉េខាងត្បូង មានចំនួន៥,៤០៨នាក់។

គួរជម្រាបថា កូរ៉េខាងត្បូងបានចាប់ផ្តើមមានការផ្ទុះរាលដាលខ្លាំងនៃ COVID-19 នៅពេលចង្កោមក្រុមអ្នកឆ្លងដ៏ធំមួយ ត្រូវបានរកឃើញ​នៅក្នុង​​ទីក្រុង Daegu ដែលមានប្រជាជនរស់នៅប្រមាណ២.៥លាននាក់។ ទីក្រុងនេះនិងខេត្ត North Gyeongsang ដែលនៅជាប់គ្នាទទួល​បន្ទុករ៉ាប់រងជាង៨០ភាគរយនៃចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស។ គិតចាប់តាំងពីដើមឆ្នាំនេះ កូរ៉េខាងត្បូងបានធ្វើតេស្តរកមើល COVID-19 លើមនុស្សច្រើនជាង៤១០,០០០នាក់៕