(អូស្រ្តាលី)៖ ប្រជាជនអូស្ត្រាលីនឹងត្រូវជាប់ពិន័យជាបា្រក់ច្រើនជាង ១៣,០០០ដុល្លារ បើសិនជាហ៊ានបំពានលើវិធានការប្រយុទ្ធប្រឆាំងនឹង COVID-19 ដែលបានរឹតត្បិត ក៏ដូចជាហាមឃាត់ការជួបជុំចាប់ពីមនុស្ស ០២នាក់ឡើងទៅ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន ABC អូស្ត្រាលី នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។

នាយករដ្ឋមន្ត្រីអូស្ត្រាលី កាលពីថ្ងៃអាទិត្យកន្លងទៅ បានប្រកាសពីការហាមឃាត់ការប្រមូលផ្ដុំ ឬការជួបជុំចាប់ពីមនុស្ស ០២នាក់ឡើងទៅ ជាមួយការអំពាវនាវឱ្យអ្នកមានអាយុ ៧០ឆ្នាំឡើង ត្រូវស្ថិតនៅក្នុងផ្ទះ ព្រមទាំងបិទសេវាមិនសំខាន់ទាំងអស់នៅទូទាំងប្រទេស។ បន្ថែមពីលើនេះ ជាផ្នែកមួយនៃការរឹតបន្តឹងវិធានការរបស់រដ្ឋាភិបាល អាជ្ញាធរនៅក្នុងរដ្ឋ ឃ្វីនស៍ឡេនដ៍ (Queensland) បានព្រមានថា នឹងផាកពិន័យជាប្រាក់ ១៣,៣៤៥ដុល្លារ សម្រាប់អ្នកដែលបំពានវិធានការ។

ដោយឡែកនៅក្នុងរដ្ឋវិចតូរៀ (Victoria) អាជ្ញាធរបានប្រកាសថា អ្នកដែលចេញក្រៅផ្ទះ ជាមួយមនុស្សច្រើនជាងម្នាក់ នឹងត្រូវផាកពិន័យ ១,៦៥២ដុល្លារចាប់ពីថ្ងៃអង្គារនេះតទៅ ខណៈរដ្ឋ ញូសោតវែលស៍ (New South Wales) ត្រូវបានគេរំពឹងថា នឹងអនុវត្តតាមវិធានការនេះដូចគ្នា ដែលត្រូវបានរឹតបន្តឹងបន្ថែម ក្រោមច្បាប់សុខាភិបាលសាធារណៈ។ ច្បាប់នេះបច្ចុប្បន្ន អាចផាកពិន័យជាប្រាក់ទៅលើអ្នកបំពាន ១១,០០០ដុល្លារ និងដាក់ពន្ធនាគារ ០៦ខែ ឬពិន័យនៅហ្នឹងកន្លែង ១,០០០ដុល្លារ។

គិតត្រឹមថ្ងៃចន្ទកន្លងទៅ អូស្ត្រាលីមានឆ្លង COVID-19 ជាង ៤,៥០០នាក់ ក្នុងនោះ ១៩នាក់បានស្លាប់ ខណៈអ្នកជំងឺ ២៤៤ជាសះស្បើយ ហើយរដ្ឋ New South Wales និងរដ្ឋ Victoria មានករណីឆ្លងច្រើនជាងគេបំផុត នៃករណីឆ្លងសរុបទូទាំងប្រទេស៕