(ញូយ៉ក)៖ នាវាខុមហ្វត (Comfort) នៃកងនាវាអាមេរិក បានធ្វើដំណើរទៅដល់ទីក្រុងញូយ៉កហើយ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅញូយ៉ក) ដោយនាំមកជាមួយនូវគ្រែអ្នកជំងឺចំនួន ១,០០០គ្រែដើម្បីជួយសម្រាលបន្ទុកមន្ទីរពេទ្យក្នុងទីក្រុង ដែលកំពុងប្រយុទ្ធប្រឆាំងនឹង COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។

ទាំងអភិបាលរដ្ឋញូយ៉ក លោក អាន់ឌ្រូ ឃ្យូម៉ូ (Andrew Cuomo) និងអភិបាលក្រុងញូយ៉ក លោក បៀល ដឺ ប្លាស៊ីយ៉ូ (Bill de Blasio) បានចេញមកទទួលស្វាគមន៍នាវា Comfort ដែលបានចូលចតនៅឯកំពង់ផែ ព្យែរ ៩០ (Pier 90) ស្ថិតនៅតំបន់ខាងលិចនៃសង្កាត់ មែនហាត់ធិន (Manhattan)។

Comfort គឺជានាវាមួយក្នុងចំណោមនាវាមន្ទីរពេទ្យ ដែលមានបុគ្គលិកសុខាភិបាល ១,២០០នាក់ និងមានបំពាក់ ដោយបរិក្ខាគ្រប់គ្រាន់ដូចជាបន្ទប់វះកាត់, មន្ទីរពិសោធន៍វេជ្ជសាស្ត្រ, ឱសថស្ថាន និងម៉ាស៊ីនស្គេន (CAT-scan) ជាដើម។ នាវានេះនឹងចាប់ផ្ដើមធ្វើប្រតិបត្តិការ នៅថ្ងៃអង្គារសប្ដាហ៍នេះ ដោយព្យាបាលអ្នកជំងឺដែលមិនមែនជាអ្នកឆ្លង COVID-19 ដើម្បីទុកគ្រែឱ្យទំនេរសម្រាប់មន្ទីរពេទ្យក្នុងតំបន់ ប្រើប្រាស់ផ្ដោតសំខាន់ ទៅលើការព្យាបាលអ្នកជំងឺ COVID-19។

គួរជម្រាបថា តួលេខចុងក្រោយពីសាកលវិទ្យាល័យអាមេរិក ចន ហប់ឃីនស៍ (Johns Hopkins) ដែលមានតួនាទីតាមដានជាប្រចាំលើស្ថានការណ៍ COVID-19 ទាំងនៅសហរដ្ឋអាមេរិក និងទូទាំងពិភពលោកបានឲ្យដឹងថា ពេលនេះចំនួនមនុស្សស្លាប់ ដោយសារតែជំងឺរាតត្បាតសកលនេះ នៅទូទាំងប្រទេសមហាអំណាចមួយនេះ បានកើនឡើងដល់ ៣,០០៨នាក់ហើយ ក្នុងចំណោមអ្នកឆ្លងសរុប ១៦៣,៤២៩ករណី៕