(ហាណូយ)៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឱ្យទីក្រុងធំៗនៅក្នុងប្រទេស ត្រៀមលក្ខណៈឱ្យហើយ ចំពោះលទ្ធភាពនៃការអុនវត្តវិធានការ «បិទទីក្រុង» ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺ COVID-19 ខណៈចំនួនអ្នកឆ្លងនៅក្នុងប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍មួយនេះ កើនជិតដល់២០០នាក់។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។

ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃចន្ទនេះ លោក Nguyen Xuan Phuc បានគូសបញ្ជាក់ដូច្នេះថា៖ «ទីក្រុងហាណូយ និងទីក្រុង ហូ ជីមិញ ត្រូវតែត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាព លើផែនការប្រយុទ្ធប្រឆំាងនឹង COVID-19 ដោយត្រូវត្រៀមលក្ខណៈជាស្រេច សម្រាប់ការអនុវត្តវិធានការបិទទីក្រុង»។ លោកបន្ថែមថា វៀតណាម បាន ចូលដល់ក្នុងតំណាក់កាលនៃការឆ្លងរាលដាលកាន់តែខ្លាំងនៃជំងឺ COVID-19។ ដូច្នេះបណ្ដាទីក្រុងធំៗ ត្រូវពន្លឿន និងទាញប្រយោជន៍ពីពេលវេលា ដើម្បីអនុវត្តធានការចាំបាច់ នានា។

គួរជម្រាបថា គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ វៀតណាម មានអ្នកឆ្លង COVID-19 ១៩៤នាក់ តែមិនទាន់មានអ្នកស្លាប់នោះទេ។ បើតាមក្រសួងសុខាភិបាលវៀតណាម មនុស្ស ច្រើនជាង ៧៥,០០០នាក់ កំពុងអនុវត្តវិធានការនៅដាច់ដោយឡែកពីគេ ខណៈរដ្ឋាភិបាលទីក្រុងហាណូយ ធ្លាប់ប្ដេជ្ញារក្សាចំនួនអ្នកឆ្លងឱ្យនៅក្រោម១,០០០នាក់។ លើសនេះទៅទៀត ជាវិធានការទប់ស្កាត់ អាជ្ញាធរវៀតណាម ក៏បានផ្អាកជើងហោះអន្តរជាតិ កាត់បន្ថយជើងហោះហើរក្នុងស្រុក ព្រមទាំងហាមឃាត់ការជួបជុំ និងបិទសេវាមិន សូវសំខាន់ជាបណ្ដោះអាសន្នផងដែរ៕