(ព្រុចសែល)៖ កម្រិតនៃការបំពុលខ្យល់អាកាស នៅតាមទីក្រុងធំៗទូទាំងតំបន់អឺរ៉ុប មានការថយចុះគួរឱ្យកត់សម្គាល់ កំឡុងបណ្ដាប្រទេសអឺរ៉ុបជាច្រើន កំពុងអនុវត្តវិធានការបិទប្រទេសពួកគេទាំងមូល ឬមួយផ្នែក ដើម្បីបន្ថយល្បឿននៃការឆ្លង COVID-19។ ប៉ុន្តែទន្ទឹមគ្នា ក្រុមអ្នកជំនាញព្រមានថា ប្រជាជននៅក្នុងទីក្រុងនៅតែងាយរងគ្រោះជាងគេ ដោយសារជំងឺរាតត្បាតសកលនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។

រូបភាពផ្កាយរណបចេញផ្សាយដោយ ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បានឱ្យដឹងថា កំរិតនៃឧស្ម័ននីត្រូហ្សែនឌីអ៊ុកស៊ីត នៅក្នុងទីក្រុងអឺរ៉ុបជាច្រើន ក្នុងនោះមានដូចជា ព្រុចសែល ប៉ារីស ម៉ាឌ្រីដ មីឡាន និងហ្វ្រែងហ្វឺត (Frankfurt) មានការថយចុះពីថ្ងៃទី០៥ ដល់ថ្ងៃទី២៥ ខែមីនាកន្លងទៅ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។

ការថយចុះខាងលើនេះ គឺដោយសារតែប្រទេសអឺរ៉ុប អនុវត្តវិធានការបិទប្រទេសទាំងមូល ឬមួយផ្នែក ក៏ដូចជារឹតត្បិតលើសកម្មភាពរបស់ប្រជាជន។ ជាឧទាហរណ៍ នៅទីក្រុងម៉ាឌ្រីដ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា កំរិតឧស្ម័នអាសូតឌីអ៊ុកស៊ីត បានធ្លាប់ចុះអស់ ៥៦ភាគរយ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ បន្ទាប់ពីរដ្ឋាភិបាលអេស្ប៉ាញ ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយហាមឃាត់ការធ្វើដំណើរមិនសូវសំខាន់ កាលពីថ្ងៃទី១៤ ខែមីនា។

គួរបញ្ជាក់ថា ការបំពុលខ្យល់អាកាស ជាពិសេសឧស្ម័នអាសូតឌីអ៊ុកស៊ីត អាចបណ្ដាលឱ្យមនុស្សមានជំងឺមហារីកសួត, ជំងឺសួរ និងជំងឺដាច់សសៃឈាមខួរក្បាល ហើយបើតាមទីភ្នាក់ងារបរិស្ថានអឺរ៉ុប EEA ការបំពុលខ្យល់អាកាសបានបង្កឱ្យមនុស្សប្រមាណ ៤០០,០០០នាក់ «ស្លាប់មុនអាយុ » ក្នុងមួយឆ្នាំៗនៅទូទាំងទ្វីបអឺរ៉ុប៕