(ស៊ីដនី)៖ រដ្ឋដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតរបស់អូស្ត្រាលី នឹងរឹតត្បិតការប្រមូលផ្ដុំ ឬការជួបជុំមនុស្សចាប់ពីពីរនាក់ឡើងទៅ ចាប់ពីពាក់កណ្ដាលយប់ថ្ងៃចន្ទនេះ ជាផ្នែកមួយនៃវិធានការថ្មី ដើម្បីបន្ថយល្បឿននៃអត្រាឆ្លង COVID-19 ដែលបានចម្លងដល់មនុស្សច្រើនជាង ៤,២០០នាក់ហើយទូទាំងប្រទេសមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។

រដ្ឋញូសោតវែលស៍ (New South Wales) និងរដ្ឋវិចតូរៀ (Victoria) នឹងតម្រូវឱ្យប្រជាជនស្ថិតនៅក្នុងផ្ទះ ហើយអាចចេញក្រៅបានក្នុងករណី ចាំបាច់តែប៉ុណ្ណោះ។ រីឯការជួបជុំគ្នាចាប់ពីមនុស្ស ០២នាក់ ឡើងទៅត្រូវបានហាមឃាត់ផងដែរ លើកលែងតែក្រុមមនុស្សមកពីសមាជិកគ្រួសារតែមួយ។ ម្យ៉ាងវិញទៀត អាជ្ញាធររដ្ឋ Victoria នឹងផាកពិន័យជាប្រាក់ ៩៨៤ដុល្លារ ឬដាក់ពន្ធនាគារ ចំពោះអ្នកដែលបំពានលើវិធានការនេះ ខណៈអ្នកត្រឡប់មកពីបរទេស នឹងត្រូវដាក់ឱ្យដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ក្រោមការពិនិត្យពីសំណាក់អាជ្ញាធរអូស្ត្រាលី។

គិតត្រឹមថ្ងៃអាទិត្យមិ្សលមិញ អូស្ត្រាលីមានឆ្លង COVID-19 ជាង ៤,២០០នាក់ ក្នុងនោះ ១៧នាក់បានស្លាប់ ហើយរដ្ឋ New South Wales និងរដ្ឋ Victoria មានករណីឆ្លងច្រើនជាងគេបំផុត នៃករណីឆ្លងសរុបទូទាំងប្រទេស៕