(វ៉ាស៊ីនតោន)៖ អ្នកជំនាញផ្នែកជំងឺឆ្លងរបស់រដ្ឋាភិបាលអាមេរិកបានព្រមានថា ជំងឺ COVID-19 អាចនឹងសម្លាប់ជីវិតរបស់ប្រជាពលរដ្ឋអាមេរិករហូតដល់ ២០០,០០០នាក់ ជាមួយនឹងចំនួនអ្នកឆ្លងអាចកើនដល់ ១លានករណីនៅទូទាំងប្រទេស ខណៈរដ្ឋភាគច្រើនកំពុងប្រឈមមុខ នឹងការខ្វះខាតសំភារៈបរិក្ខាពេទ្យ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ ២០២០។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វូស៊ី (Anthony Fauci) ដែលជានាយកវិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លងអាមេរិកបានព្យាករណ៍ទុកជាមុនថា ជំងឺរាតត្បាតសកល COVID-19 អាចនឹងបណ្តាលឲ្យប្រជាពលរដ្ឋអាមេរិកស្លាប់ពីចន្លោះ ១០០,០០០-២០០,០០០នាក់ នៅទូទាំងសហរដ្ខអាមេរិក ជាមួយនឹងតួលេខអ្នកឆ្លងអាចកើនដល់ ១លានករណី។

យោងតាមគេហទំព័ររបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក CDC បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១០ ជំងឺផ្តាសាយធំ ឬ Flu វាបានសម្លាប់ជិវិតរបស់ប្រជាជនអាមេរិកពីចន្លោះ ១២,០០០-៦១,០០០នាក់ក្នុងមួយឆ្នាំៗ។ ចំណែកឯរោគរាតត្បាតនៅឆ្នាំ១៩១៨-១៩១៩ វាបានសម្លាប់ជីវិតមនុស្សរហូតដល់ ៦៧៥,០០០នាក់នៅសហរដ្ឋអាមេរិក។

នៅចំពោះមុខសន្ទុះ នៃការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនអ្នកឆ្លងជំងឺ COVID-19 រដ្ឋមួយចំនួនធំរបស់សហរដ្ឋអាមេរិក កំពុងតែប្រឈមមុខនឹងការខ្វះខាតសំភារៈបរិក្ខាពេទ្យនារយៈពេលដ៏ខ្លីខាងមុខ ជាពិសេសគឺបំពង់ខ្យល់អុកស៊ីសែនសម្រាប់អ្នកជំងឺ។ រហូតមកទល់នឹងម៉ោងនេះ សហរដ្ឋអាមេរិកបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ជាង ២,៤០០០នាក់ហើយ ខណៈចំនួនអ្នកឆ្លងសរុបបានកើនឡើងច្រើនជាង ១៤២,០០០ករណី។ ជាមួយនឹងចំនួនអ្នកឆ្លងជិតជាង ១.៤សែននាក់នេះ វាបានធ្វើឲ្យអាមេរិកឈរលំដាប់ថ្នាក់ទី ១ លើលោកដែលមានចំនួនអ្នកឆ្លងជំងឺនេះ ច្រើនជាគេបំផុត៕