(ប៉ារីស)៖ អាជ្ញាធរសុខាភិបាលបារាំង បានប្រកាសឲ្យដឹងថា ក្នុងរយៈពេលតែមួយថ្ងៃ (២៤ម៉ោង) អ្នកឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) ចំនួន ២,៥៩៩នាក់ទៀតត្រូវបានរកឃើញ និងអ្នកជំងឺ ២៩២នាក់ទៀតបានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។

របាយការណ៍ចុងក្រោយពីក្រសួងសុខាភិបាលបារាំង ដែលត្រូវបានបញ្ចេញនៅយប់ថ្ងៃអាទិត្យ ទី២៩ ខែមីនា (ពេលវេលានៅប៉ារីស) បានឲ្យដឹងទៀតថា ចំនួនករណីឆ្លង COVID-19 នៅក្នុងប្រទេសអឺរ៉ុបមួយនេះ បានកើនឡើងដល់ ៤០,១៧៤ករណី ក្នុងនោះអ្នកជំងឺសរុប ២,៦០៦នាក់ស្លាប់។

គួរបញ្ជាក់ថា នៅក្នុងចំណោមករណីឆ្លងទាំងអស់ គឺអ្នកជំងឺ ៤,៦៤២នាក់ កំពុងតែស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់ ដោយកើនឡើង ៣៥៩នាក់ពីលើចំនួនចាស់ នៅក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ។ ប្រទេសបារាំងនៅស្ថិតក្នុងការរឹតបន្តឹងនៅឡើយ ដោយប្រជាជននានា ត្រូវណែនាំឲ្យស្ថិតនៅក្នុងផ្ទះដើម្បីបង្ការការឆ្លងជំងឺ COVID-19 រហូតដល់ថ្ងៃទី១៥ ខែមេសា ហើយវាអាចនឹងត្រូវអូសបន្លាយបន្ថែមទៀត ទៅតាមស្ថានការណ៍ជាក់ស្តែង៕