(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី នៅថ្ងៃអាទិត្យនេះ បានរកឃើញករណីឆ្លងថ្មីនៃ COVID-19 ចំនួន៤២បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសបន្តកើនដល់៨៤២នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០។

បើតាមក្រសួងសុខាភិបាលសិង្ហបុរី ក្នុងចំណោមករណីឆ្លងថ្មីទាំង៤២ខាងលើ មាន២៤នាក់ជាករណីនាំចូល ដែលត្រូវបានរកឃើញ លើអ្នកធ្លាប់ធ្វើដំណើរទៅអឺរ៉ុប អាមេរិកខាងជើង មជ្ឈិមបូព៌ា តំបន់អាស៊ាន និងតំបន់មួយចំនួនទៀតនៃទ្វីបអាស៊ី។ ទន្ទឹមគ្នានេះ អ្នកជំងឺ១៤នាក់បន្ថែម បានជាសះស្បើយ និងត្រូវបានអនុញ្ញាឱ្យចេញពីមន្ទីរពេទ្យ ដែលនេះនាំឱ្យចំនួនអ្នកជំងឺជាសះស្បើយសរុប កើនដល់២១២នាក់។ នៅថ្ងៃអាទិត្យនេះ អ្នកជំងឺ COVID-19 ម្នាក់ទៀតនៅសិង្ហបុរី ក៏បានបាត់បង់ជីវិតផងដែរ ដោយសរុបមកគឺ មានអ្នកជំងឺ៣នាក់ហើយបានស្លាប់។

គួរជម្រាបថា រដ្ឋាភិបាលសិង្ហបុរី បាន និងកំពុងចាត់វិធានការរឹតត្បិតជាច្រើន ក្នុងនោះរួមមានទាំងការរក្សា «គម្លាតសង្គម» ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 តែបានបញ្ជាក់សិង្ហបុរី មិនទាន់ចូលដល់តំណាក់កាលបិទប្រទេសទាំងមូលនោះទេ៕