(វ៉ាស៊ីនតោន)៖ ទារកម្នាក់នៅសហរដ្ឋអាមេរិកបានបាត់បង់ជីវិត បន្ទាប់ពីឆ្លងជំងឺ COVID-19 ដែលវាគឺជាករណីយ៉ាងកម្រមួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០។

អភិបាលរដ្ឋ Illinois នាថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក) បានឲ្យដឹងថា ទារកម្នាក់ស្ថិតក្នុងចំណោម អ្នកជំងឺ ដែលទើបតែបានស្លាប់ក្រោយឆ្លង COVID-19។ យោងតាមអាជ្ញាធររដ្ឋ Illinois ក្មេងតូចដែលបានបាត់បង់ជីវិតនោះ ស្ថិត នៅទីក្រុង Chicago មានអាយុមិនដល់១ខួបឡើយ និងត្រូវបានធ្វើតេស្តឃើញវេជ្ជមាន COVID-19។

គួរជម្រាបថា កាលពីសប្តាហ៍មុន ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់នៅប្រទេសបារាំង ក៏ត្រូវគេរាយការណ៍ថា បានបាត់បង់ជីវិត ក្រោយឆ្លង COVID-19 ផងដែរ។ ការដែលមនុស្សវ័យក្មេងៗបានស្លាប់ ក្រោយឆ្លងជំងឺនេះ គឺជាករណីយ៉ាងកម្រ ព្រោះតែការសិក្សាជាច្រើន បានបង្ហាញថា ជំងឺ COVID-19 កាចសាហាវខ្លាំងតែទៅលើអ្នកជំងឺមានវ័យចំណាស់ និងមានរោគប្រចាំកាយស្រាប់ ប៉ុណ្ណោះ៕