(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី នៅថ្ងៃសៅរ៍នេះ បានរកឃើញករណីឆ្លងថ្មីនៃ COVID-19 ចំនួន៧០បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេស កើនដល់ ៨០២នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០។

បើតាមក្រសួងសុខាភិបាលសិង្ហបុរី ក្នុងចំណោមករណីឆ្លងថ្មី ទាំង៧០ខាងលើ មាន៤១ករណី ត្រូវបានរកឃើញលើអ្នកដែលធ្លាប់ធ្វើដំណើរទៅអឺរ៉ុប អាមេរិកខាងជើង តំបន់អាស៊ាន និងតំបន់មួយចំនួននៃទ្វីបអាស៊ី។ ក្រសួងបន្ថែមទៀតថា អ្នកជំងឺ១៥នាក់បន្ថែម បានជាសះស្បើយ និងត្រូវបានអនុញ្ញាឱ្យចេញពីមន្ទីរពេទ្យ ដែលនេះនាំឱ្យ អ្នកជំងឺជាសះស្បើយកើនដល់ ១៩៨នាក់។

គួរជម្រាបថា រដ្ឋាភិបាលសិង្ហបុរី បាន និងកំពុងចាត់វិធានការរឹតត្បិតជាច្រើន ក្នុងនោះរួមមានទាំងការរក្សា «គម្លាតសង្គម» ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 តែ បានបញ្ជាក់សិង្ហបុរី មិនទាន់ចូលដល់តំណាក់កាលបិទប្រទេសទាំងមូលនោះទេ៕